ព័ត៌មានអន្តរជាតិ

Update៖ វិមានក្រឹមឡាំងថា អ៊ីរ៉ង បញ្ជូនមីស៊ីលផ្លោងរយៈចម្ងាយខ្លីឲ្យមករុស្ស៊ី

AFP

ម៉ូស្គូ៖ វិមានក្រឹមឡាំង ត្រូវបានកាសែត  The Wall Street Journal ចោទសួរ ដោយបានលើកឡើងថា អ៊ីរ៉ង់ បានបញ្ជូនមីស៊ីលផ្លោងរយៈចម្ងាយខ្លីទៅឲ្យរុស្ស៊ី ហើយបានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ គឺជាដៃគូរបស់ប្រទេសរុស្ស៊ី ហើយប្រទេសទាំង២កំពុងអភិវឌ្ឍលើការសន្ទនាគ្នាលើគ្រប់វិស័យទាំងអស់ ។


កាសែតខាងលើបានដកស្រង់សម្តីរបស់មន្ត្រីអាមេរិក និងអឺរ៉ុប ដែលមិនស្គាល់អត្តសញ្ញាណថា អ៊ីរ៉ង់បានបញ្ជូនមីស៊ីលផ្លោងរយៈចម្ងាយខ្លីទៅឲ្យប្រទេសរុស្ស៊ី ។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើងថា លោកបានមើលឃើញរបាយការណ៍នេះ ប៉ុន្តែមិនមែនរបាយការណ៍ទាំងអស់នោះត្រឹមត្រូវទាំងអស់នោះទេ ។

លោក Peskov បានប្រាប់ដល់អ្នកយកព័ត៌មានថា “អ៊ីរ៉ង់ គឺជាដៃគូដ៏សំខាន់របស់យើង យើងកំពុងអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់យើង យើងកំពុងអភិវឌ្ឍកិច្ចសហប្រតិបត្តិការ និងការសន្ទនារបស់យើងនៅក្នុងគ្រប់វិស័យដែលអាចធ្វើទៅបាន រួមទាំងចំណុចរសើបបំផុតផងដែរ” ។

ក្រុងតេហរ៉ង់ និងម៉ូស្គូ បានខិតកាន់តែជិតគ្នាចាប់តាំងពីប្រទេសរុស្ស៊ី បានបញ្ជាកងទ័ពរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រទេសអ៊ីរ៉ង់ បានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក Shahed របស់ខ្លួនដល់យោធារបស់រុស្ស៊ី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top