បេរូត៖ អនុប្រធានក្រុមហេសបូឡាលោក Sheikh Naim Qassem បានឧ្យដឹងថា ក្រុមហេសបូឡា នឹងបន្តការពារប្រទេសលីបង់ និងគាំទ្រតំបន់ហ្គាហ្សា បើទោះបីជាបាត់បង់អគ្គលេខាធិការរបស់ខ្លួន លោក ហាសាន់ ណាសរ៉ាឡាហ៍ និងមេបញ្ជាការជាច្រើននាក់ក៏ដោយ បាននិយាយកាលពីថ្ងៃចន្ទ។
ជាមួយគ្នានេះដែរអ៊ីស្រាអែល បានបញ្ជាក់កាលពីថ្ងៃចន្ទពីការសម្លាប់លោក Fateh Sherif មេដឹកនាំក្រុមហាម៉ាស់ ក្នុងប្រទេសលីបង់ អំឡុងការវាយឆ្មក់របស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់។
សេចក្តីថ្លែងការណ៍រួមរបស់យោធាអ៊ីស្រាអែល និង Shin Bet ដែលជាទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់អ៊ីស្រាអែល បានបង្ហាញថា កងកម្លាំងអាកាសអ៊ីស្រាអែលបានកំណត់គោលដៅលើលោក Sherif ដោយលើកឡើងពីតួនាទីរបស់លោក ក្នុងការសម្របសម្រួលសកម្មភាពយោធា និងនយោបាយរបស់ក្រុមហាម៉ាស់ នៅក្នុងប្រទេសលីបង់ រួមទាំងការជ្រើសរើស ការទិញអាវុធ និងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមក្នុងតំបន់។ សេចក្តីថ្លែងការណ៍ក៏បានលើកឡើងពីការចូលរួមរបស់លោក Sherif ក្នុងការសម្របសម្រួលជាមួយក្រុមហេសបូឡា។
យោងតាមប្រភពយោធាលីបង់ លោក Sherif ត្រូវបានសម្លាប់ជាមួយប្រពន្ធ និងកូនប្រុសពីរនាក់ក្នុងអំឡុងពេលការវាយប្រហារលើផ្ទះរបស់ពួកគេនៅក្នុងជំរុំ Rashidieh កាលពីព្រឹកថ្ងៃចន្ទ។
ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់បានរាយការណ៍ថា ប្រតិបត្តិការនេះបានកំណត់គោលដៅដំបូងនៃជំរុំចាប់តាំងពីការកើនឡើងនៃការវាយប្រហារប្រឆាំងនឹងប្រទេសលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់បានសម្តែងថា លោក Sherif បានចូលរួមជាមួយ “មេដឹកនាំ និងទុក្ករបុគ្គល ដែលនាំមុខលោក” ដោយគោរពការប្តេជ្ញាចិត្តរបស់លោក ចំពោះបុព្វហេតុប៉ាឡេស្ទីន៕
ប្រែសម្រួល ឈូក បូរ៉ា