បេរូត ៖ រដ្ឋមន្ត្រីការបរទេសកាតា ទទួលបន្ទុកកិច្ច សហប្រតិបត្តិការអន្តរជាតិ លោកស្រី Lolwah Al-Khater នៅបានសម្តែងការគាំទ្រ របស់ប្រទេសកាតា សម្រាប់ប្រទេសលីបង់ ចំពេលមានជម្លោះរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ដែលកំពុងកើនឡើង ដោយធានាឱ្យមាន ឯកភាពក្នុងចំណោមរដ្ឋអារ៉ាប់ ក្នុងការថ្កោលទោសការ វាយប្រហារ របស់អ៊ីស្រាអែល។
យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយ ដោយទីស្តីការគណៈរដ្ឋមន្ត្រីលីបង់ លោកស្រី Al-Khater បានជួបជាមួយនាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati ដែលក្នុងនោះលោកស្រីបាន សង្កត់ធ្ងន់លើការគាំទ្រ របស់ប្រទេសកាតាសម្រាប់ប្រទេសលីបង់ ចំពេលមានជម្លោះរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ដែលកំពុងកើនឡើង និងធានាការរួបរួមក្នុងចំណោមជនជាតិអារ៉ាប់ ក្នុងការថ្កោលទោស ការវាយប្រហារ របស់អ៊ីស្រាអែល។
លោកស្រីបានកត់សម្គាល់ថា ប្រទេសកាតាកំពុង ធ្វើការលើផែនការរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីទប់ទល់នឹងវិបត្តិមនុស្សធម៌នៃជនភៀសខ្លួនលីបង់ជាង ១,២លាននាក់។
មុនពេលកិច្ចប្រជុំជាមួយលោក Mikati លោកស្រី Al-Khater បានប្រកាសពីការបើកដំណើរការស្ពានអាកាសពីទីក្រុងដូហា ទៅកាន់ទីក្រុងបេរូត។ យន្តហោះកាតាសរុបចំនួន១០គ្រឿងគ្រោងនឹងបញ្ជូនសម្ភារវេជ្ជសាស្រ្ដ សម្ភារៈជម្រក និងអាហារដល់ប្រទេសលីបង់ពេញមួយខែតុលា។
ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញាមក អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសដ៏ខ្លាំងក្លាមួយលើប្រទេសលីបង់ ដែលបង្ហាញពីការកើនឡើង គួរឱ្យកត់សម្គាល់ជាមួយក្រុមហេសបូឡា។ ការកើនឡើងនាពេលថ្មីៗ នេះបាន បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន និងបានធ្វើឱ្យមនុស្សរាប់សែន នា ក់ផ្លាស់ទីលំនៅនៅទូទាំងប្រទេសលីបង់៕
ប្រែសម្រួល ឈូក បូរ៉ា
