ព័ត៌មានអន្តរជាតិ

បេសកជន​អាមេរិក​ប្រចាំ​ជប៉ុន ស្នើ​បង្កើតក្រុម​សេដ្ឋកិច្ច​ ដូច​ទៅនឹងអង្គការ​ណាតូ ដើម្បី​ប្រឆាំងចិន

តូក្យូ៖ បេសកជនរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំប្រទេសជប៉ុន បានឲ្យដឹងនៅក្នុងគំនិតមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគួរតែបង្កើតក្រុមចម្រុះ ដែលអាចជាប្រភេទនៃអង្គការណាតូ ដើម្បីប្រឆាំងនឹងការបង្ខិតបង្ខំ សេដ្ឋកិច្ចរបស់ប្រទេសចិន ជាមួយនឹងជំហរបង្រួបបង្រួម ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុនលោក Rahm Emanuel បានឲ្យដឹងនៅក្នុងអត្ថបទមួយសម្រាប់កាសែត Wall Street Journal ថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន បានទទួលជោគជ័យ ក្នុងការពង្រីក ភាពជាដៃគូសន្តិសុខពហុភាគី នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយឥឡូវនេះគឺជាពេលវេលា ដើម្បីពិចារណាបន្ថែមវិធានការ សេដ្ឋកិច្ចថ្មីប្រឆាំងនឹងប្រទេសចិន។

លោក Emanuel បានលើកឡើងថា គំនិតមួយអាចជាសម្ព័ន្ធការពារពាណិជ្ជកម្មបែបនេះ ហើយដើម្បីឱ្យវាមានប្រសិទ្ធភាព លោកបានស្នើវា “នឹងត្រូវការសមមូលសេដ្ឋកិច្ច នៃមាត្រា៥ របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ការវាយប្រហារលើនរណាមួយ គឺជាការវាយប្រហារលើទាំងអស់គ្នា”។

លោកបន្ដថា ប្រទេសមួយចំនួន ដូចជាប្រទេសអូស្ត្រាលី ដែលត្រូវតែដោះស្រាយជាមួយ នឹងពន្ធខ្ពស់ដែលដាក់ ដោយប្រទេសចិន បន្ទាប់ពីបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ បានផ្តល់មេរៀនដ៏មានតម្លៃ។

លោកបានស្នើពីសារៈសំខាន់នៃបណ្តាប្រទេស ដែលមានគំនិតដូចគ្នា ដែលធ្វើការកាន់តែជិតស្និទ្ធ ដោយសារអូស្ត្រាលី បានទប់ស្កាត់ការពឹងផ្អែកសេដ្ឋកិច្ចរបស់ខ្លួនលើប្រទេសចិន ដោយការពង្រីកការនាំចេញ ទៅកាន់ទីផ្សារផ្សេងទៀត ដោយមានជំនួយពីបណ្តាញសម្ព័ន្ធមិត្តរបស់ខ្លួន និងធ្វើឱ្យវាអាចទៅរួច សម្រាប់ទីក្រុងកង់បេរ៉ា ដើម្បីបង្ខំទីក្រុងប៉េកាំង ឱ្យថយក្រោយ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top