បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សមាជិកសភាអាល្លឺម៉ង់ លោកស្រី Sahra Wagenknecht បានប្រាប់កាសែត Funke Media Group កាលពីថ្ងៃសុក្រថា ទីក្រុងប៊ែរឡាំងគួរតែខិតខំប្រឹងប្រែង ការទូតកាន់តែសកម្ម ប្រសិនបើវាចង់ឱ្យជម្លោះ ដែលកំពុងបន្ត រវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវបញ្ចប់ ។
ប្រភពដដែលក៏បានឲ្យដឹងដែរថា លោកស្រីបានបន្ថែមដែរថា ការផ្តល់អាវុធបន្ថែមទៀត សម្រាប់អ៊ុយក្រែននឹងមិននាំមកនូវសន្តិភាពដល់អឺរ៉ុបទេ។
អ្នកនយោបាយជើងចាស់រូបនេះ បានរិះគន់រដ្ឋាភិបាល របស់អធិការបតី Olaf Scholz ម្តងហើយម្តងទៀត ជុំវិញជំហររបស់ខ្លួនលើជម្លោះអ៊ុយក្រែន ដោយអះអាងថា គោលនយោបាយបច្ចុប្បន្នរបស់ប៊ែរឡាំង គ្រាន់តែជួយផ្លុំភ្លើងបន្ថែម ទៅលើសង្រ្គាមប៉ុណ្ណោះ។
លោកស្រី Wagenknecht ដែលធ្លាប់ជាក្រុមសមាជិកសភា របស់គណបក្សឆ្វេងនិយម ប៉ុន្តែជាអ្នកដែលបានបង្កើត គណបក្សផ្ទាល់ខ្លួនដែលមានឈ្មោះថា Sahra Wagenknecht Alliance (BSW) បាននិយាយទៀតថា យើងត្រូវការកិច្ចខិតខំប្រឹងប្រែង ការទូតបន្ថែមទៀត ។
លោកស្រីបានបន្តថា ៖ មានផែនការសន្តិភាពដ៏ល្អមួយដោយប្រេស៊ីល និងចិន ។ ខ្ញុំសង្ឃឹមថាប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប នឹងគាំទ្រគំនិតផ្តួច ផ្តើមបែបនេះ ។ កាលពីខែឧសភា ប្រទេសទាំងពីរបានបង្ហាញពីសំណើរួមគ្នា ចំនួន៦ចំណុច ដែលអំពាវនាវឱ្យមានការបន្ធូរបន្ថយ ការចរចា និងសន្និសិទសន្តិភាពអន្តរជាតិ ដែលទទួលស្គាល់ដោយទាំងរុស្ស៊ី និងអ៊ុយក្រែន។
គួរឲ្យដឹងដែរថា រដ្ឋាភិបាល នៃប្រទេសប្រេស៊ីលនិងរដ្ឋាភិបាលប្រទេសចិន បានព្យាយាមជំរុញគំនិតផ្តួចផ្តើម របស់ពួកគេនៅក្នុងកិច្ចប្រជុំ ១៧ប្រទេសរួចមកហើយ នៅខាងក្រៅមហាសន្និបាតអង្គការ សហប្រជាជាតិក្នុងខែកញ្ញា ប៉ុន្តែយ៉ាងណាក្តីវាមិន សូវទទួលបានការគាំទ្រពីអ៊ុយក្រែន ឬលោកខាងលិចនោះទេ៕
ប្រែសម្រួល៖ស៊ុនលី