ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក

សេអ៊ូល៖ ក្រសួងការពារជាតិ ជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ព្រឹកថ្ងៃអង្គារនេះ បានបាញ់មីស៊ីល ផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះ ទៅកាន់សមុទ្រជប៉ុន នៅក្នុងសកម្មភាព ដែលបានកើតឡើង មុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក និងតិចជាងមួយសប្តាហ៍ បន្ទាប់ពីការបាញ់មីស៊ីល ផ្លោងអន្តរទ្វីប។

ក្រសួង​ជប៉ុន​បាន​ឲ្យដឹងថា យ៉ាង​ហោច​ណាស់​មីស៊ីលរយៈ​ចម្ងាយ​ខ្លី​ចំនួន ៧គ្រាប់បាន​ហោះ​ក្នុង​រយៈ​ចម្ងាយ ៤០០គីឡូម៉ែត្រ​ក្នុង​រយៈ​កម្ពស់​ប្រហែល ១០០ គីឡូម៉ែត្រ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​បាញ់​ចេញ​ពី​ឆ្នេរ​ភាគ​ខាង​លិច​របស់​កូរ៉េ​ខាង​ជើង​នៅ​ចន្លោះ​ម៉ោង​ប្រហែល ៧ និង ៣០នាទីព្រឹក​ដល់​ម៉ោង ៧ និង ៣៩នាទីព្រឹក។

មីស៊ីលទាំងនោះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ក្នុងដែនទឹកជុំវិញឆ្នេរខាងកើតនៃឧបទ្វីបកូរ៉េ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូចប៉ុន។

រដ្ឋាភិបាលជប៉ុន បានធ្វើការតវ៉ាប្រឆាំងនឹងការបាញ់មីស៊ីលចុងក្រោយបំផុត និងថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង ដោយថា “សកម្មភាពគំរាម កំហែងដល់សន្តិភាព និងសន្តិសុខ របស់ប្រទេសជប៉ុន តំបន់ និងសហគមន៍អន្តរជាតិ” ខណៈដែលថ្កោលទោស ចំពោះការរំលោភលើ សេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ជាក់ស្តែងទីក្រុងព្យុងយ៉ាង មានបំណងបង្ហាញពីការ ធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពយោធា របស់ខ្លួនក្នុងឱកាស នៃការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិក ជាមួយនឹងពេលវេលា នៃការបាញ់បង្ហោះនេះផងដែរ ត្រូវបានគេមើល ឃើញថា មានគោលបំណងបង្ហាញ ពីការប្រឆាំងរបស់ខ្លួនចំពោះសមយុទ្ធរួមគ្នា ដោយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលមានការចូលរួម ពីយន្តហោះទម្លាក់គ្រាប់ បែកយុទ្ធសាស្ត្រ B-1B របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ។

លោកស្រី គីម យ៉ូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាចបាន ចេញសេចក្តីថ្លែងការណ៍មួយ រិះគន់សមយុទ្ធយោធារួមគ្នានេះ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរបស់ប្រទេសកូរ៉េខាងជើង បានរាយការណ៍ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top