ព័ត៌មានអន្តរជាតិ

ជ័យជំនះរបស់លោក ត្រាំ បង្កើនការរំពឹងទុក សម្រាប់សង្គ្រាមពាណិជ្ជកម្ម ដែលជះឥទ្ធិពលដល់ប្រទេសជប៉ុន និងសម្ព័ន្ធមិត្តរបស់ អាមេរិកផ្សេងទៀត

kyodo

វ៉ាស៊ីនតោន៖ ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក បានបង្កើនការរំពឹងទុក នៃសង្គ្រាមពាណិជ្ជកម្ម សកលដែលជំរុញដោយពន្ធគយ ដែលអាចបំផ្លាញ ដល់ប្រទេសជប៉ុន និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុត របស់ទីក្រុងវ៉ាស៊ីនតោន ជាជាងការវាយលុកទៅលើគោលដៅ ចម្បងរបស់លោក គឺប្រទេសចិន។

លោក ត្រាំ ដែលកាន់តំណែងចន្លោះ ឆ្នាំ២០១៧ ដល់ ២០២១ និង គូប្រជែងប្រជាធិបតេយ្យ របស់គាត់នៅក្នុង ការបោះឆ្នោត កាលពីថ្ងៃអង្គារ អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស មានភាពខុសប្លែកគ្នាយ៉ាងខ្លាំង នៅក្នុងសំណើយុទ្ធនាការ របស់ពួកគេលើបញ្ហាជាច្រើន ចាប់ពីការរំលូតកូន និងការធ្វើអន្តោប្រវេសន៍ រហូតដល់សង្រ្គាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន។

ប៉ុន្តែចំពោះបញ្ហាគោល នយោបាយពាណិជ្ជកម្ម មានភាពស្រដៀងគ្នាមួយចំនួនរវាងលោក ត្រាំ និងលោកស្រី ហារីស ។ ជាដំបូង និងសំខាន់បំផុត ពួកគេម្នាក់ៗ បានទទួលស្គាល់ថា ពន្ធខ្ពស់អាចជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពក្នុង ការការពារ ឧស្សាហកម្មក្នុងស្រុកពីការប្រកួតប្រជែងពីបរទេស ។ វិធីសាស្រ្តស្រដៀងគ្នា របស់ពួកគេផ្តោតលើបញ្ហាមួយ ពោលគឺរបៀបល្អបំផុត ដើម្បីដោះស្រាយជាមួយ ប្រទេសចិនឆ្ពោះទៅពេលមុខ។

ទាំងលោក ដូណាល់ ត្រាំ និង លោកស្រី ហារីស ក៏ដូចជាទាំងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានកំណត់ថា ប្រទេសចិន ជាបញ្ហាប្រឈមដ៏ធំបំផុត ចំពោះផលប្រយោជន៍ជាតិ របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

អ្នកបង្កើតគោលនយោបាយ និងអ្នកវិភាគកិច្ចការ បរទេស បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងដើរតាមផ្លូវដូចគ្នាច្រើន ឬតិចជាងនេះ ដោយមិនគិតពីលទ្ធផល នៃការបោះឆ្នោត ក្នុងការប៉ុនប៉ងដណ្តើម យកប្រៀបលើប្រទេសចិន ក្នុងវិស័យប្រកួតប្រជែង រួមទាំងពាណិជ្ជកម្ម និងបច្ចេកវិទ្យា៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top