បរទេស៖ រដ្ឋាភិបាលហ្វីលីពីនបាននិយាយថា ខ្លួននឹងមិនការពារនោះទេ ប្រសិនបើលោក Duterte ចង់ចុះចាញ់ចំពោះ ICC ហើយហ្វីលីពីននឹងអនុវត្តតាម ប្រសិនបើប៉ូលិស Interpol ចេញដីកាចាប់ខ្លួនលោក។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ការិយាល័យរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បាននិយាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកាថា ខ្លួនមានឆន្ទៈក្នុងការពិចារណាពីលទ្ធភាពនៃការប្រគល់អតីតប្រធានាធិបតី លោក Rodrigo Duterte ប្រសិនបើមានការស្នើសុំពីប៉ូលិស Interpol ទាក់ទងនឹងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់គាត់។
លោក Lucas Bersamin លេខាធិការប្រតិបត្តិរបស់ប្រធានាធិបតីហ្វីលីពីន បាននិយាយថា “ប្រសិនបើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សំដៅលើដំណើរការនេះទៅ Interpol ដែលអាចចេញសេចក្តីជូនដំណឹងពណ៌ក្រហមដល់រដ្ឋាភិបាលហ្វីលីពីន យើងមានកាតព្វកិច្ចក្នុងការគោរពតាម។ ក្នុងករណីនេះ ភ្នាក់ងារអនុវត្តច្បាប់ក្នុងស្រុកនឹងត្រូវសហការយ៉ាងពេញលេញជាមួយ Interpol ។
នេះជាលើកទីមួយហើយដែលរដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា ខ្លួននឹងសហការជាមួយ ICC ទាក់ទងនឹងការចោទប្រកាន់លើអតីតប្រធានាធិបតី Duterte ។ លោក Bersamin បានបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនជំទាស់ ឬរារាំងលោក Duterte ប្រសិនបើលោកចង់ប្រគល់ខ្លួន ចុះចាញ់នឹងទីភ្នាក់ងារនេះ។
នៅព្រឹកថ្ងៃដដែល លោក Duterte បានប្រាប់អង្គសវនាការសភាថា លោកមិនខ្លាច ICC ឡើយ ហើយបានស្នើឱ្យទីភ្នាក់ងារស៊ើបអង្កេតឱ្យបានឆាប់រហ័សនូវការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិមកលើរូបលោក។
លោក Duterte បានប្រាប់សភាថា “ICC មិនធ្វើឱ្យខ្ញុំភ័យទាល់តែសោះ។ ពួកគេអាចមកនៅពេលណាក៏បាន។ ខ្ញុំគិតថាអ្នកអាចសម្របសម្រួលពួកគេឱ្យមកទីនេះ ហើយចាប់ផ្តើមការស៊ើបអង្កេត។ ខ្ញុំស្វាគមន៍ចំពោះរឿងនេះ” ។
អតីតប្រធានាធិបតីហ្វីលីពីន បាននិយាយថា លោកមិនមានអ្វីត្រូវលាក់បាំងនោះទេ ដោយសង្កត់ធ្ងន់ថា អ្វីដែលលោកបានធ្វើក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន គឺសម្រាប់តែប្រទេស និងក្មេងជំនាន់ក្រោយ។ គាត់បាននិយាយថា គាត់នឹងមិនធ្វើការដោះសារ ឬសុំទោសឡើយ “ទោះបីជាវាមានន័យថាធ្លាក់នរកក៏ដោយ លោកថា ខ្ញុំនឹងទទួលយកវា”៕
ប្រែសម្រួលៈ ណៃ តុលា