ដាម៉ាស់៖ អ៊ីស្រាអែលបានបង្កើនការវាយប្រហារ របស់ខ្លួនលើប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ ដោយវាយប្រហារសង្កាត់លំនៅឋាន ពីរក្នុងក្រុងដាម៉ាស់ និងតំបន់នៅតាមព្រំដែនស៊ីរី-លីបង់ក្នុងខេត្ត Homs ភាគកណ្តាលប្រទេស។
យោងតាមក្រសួងការពារជាតិស៊ីរី និងទូរទស្សន៍រដ្ឋបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និង ១៦ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បានវាយប្រហារទៅលើអគារលំនៅដ្ឋានចំនួន ៣ នៅក្នុងសង្កាត់ al-Mazzeh ភាគខាងលិចទីក្រុងដាម៉ាស់ កាលពីរសៀលថ្ងៃព្រហស្បតិ៍។
ការវាយប្រហារតាមអាកាសមួយទៀត របស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍បានវាយប្រហារអគារមួយ ដែលជាផ្នែកមួយនៃអគារអប់រំ នៅក្នុងតំបន់លំនៅដ្ឋានមួយនៅជាយក្រុង Qudsaya ភាគពាយព្យនៃទីក្រុងដាម៉ាស់ បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់។
នៅពេលល្ងាច លោក Eyad Mohammed មេបញ្ជាការកងពលតូច បានប្រាប់ Al-Watan Online ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានកំណត់គោលដៅលើស្ពាន al-Mouh ក្នុងទីក្រុង al-Qusayr នៅតំបន់ជនបទភាគខាងត្បូងនៃទីក្រុង Homs ដោយបានបំផ្លាញស្ពាន និងផ្អាកដំណើរការទាំងអស់ ៕
ប្រែសម្រួល ឈូក បូរ៉ា