ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ថា បានរកឃើញប៉េងប៉ោង របស់ចិន ហោះនៅជិតកោះ ក្នុងពេលដែលទីក្រុងប៉េកាំង កំពុងរក្សាការដាក់សម្ពាធ

AFP

បរទេស ៖ កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទថា ខ្លួនបានរកឃើញប៉េងប៉ោង របស់ចិនហោះនៅលើដែនទឹក នៅភាគពាយព្យនៃកោះ ដែលជារបាយការណ៍ដំបូងចាប់តាំងពីខែមេសាមក ខណៈដែលទីក្រុងប៉េកាំង រក្សាសម្ពាធលើទីក្រុងតៃប៉ិ ឱ្យទទួលយកការទាមទារអធិបតេយ្យភាពរបស់ខ្លួន ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ចិនកុម្មុយនិស្តបានអះអាងកោះតៃវ៉ាន់ ប្រជាធិបតេយ្យ ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយបានបដិសេធមិនព្រមលះបង់ ការប្រើប្រាស់កម្លាំងបាយ ដើម្បីនាំយកកោះនេះមកនៅក្រោមការគ្រប់គ្រង របស់ខ្លួននោះឡើយ ។

ទីក្រុងប៉េកាំងតែងតែដាក់ ពង្រាយយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងនាវាចម្បាំងនៅជុំវិញកោះតៃវ៉ាន់ ហើយម្តងម្កាលបង្ហោះប៉េងប៉ោង ដោយសាររក្សាសម្ពាធយោធា។

ប៉េងប៉ោងចុងក្រោយគេប្រទះឃើញនៅម៉ោង ៦ និង ២១ នាទីល្ងាច កាលពីថ្ងៃអាទិត្យ នៅចម្ងាយប្រមាណ ១១១គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង Keelung នៅរយៈកម្ពស់ 10,058 ម៉ែត្រ។ នេះបើតាមក្រសួងការពារជាតិ ដែលចេញផ្សាយទិន្នន័យប្រចាំថ្ងៃ ស្តីពីវត្តមានយោធារបស់ចិន នៅជុំវិញកោះតៃវ៉ាន់។

ក្រសួងបាននិយាយថា ប៉េងប៉ោងនេះបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារ ដែនអាកាសរបស់កោះ ហើយបានបាត់ខ្លួននៅម៉ោង ៨ និង ១៥ នាទីយប់។ ក្រសួងបាននិយាយថា ក៏ដូចជាប៉េងប៉ោងនោះ យន្តហោះយោធាចិនចំនួន ១២ គ្រឿង និងនាវាចម្បាំងចំនួន ៧គ្រឿង ត្រូវបានគេរកឃើញនៅជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេល ២៤ ម៉ោងដល់ម៉ោង ៦ ព្រឹកថ្ងៃចន្ទ។

នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅខែមករារបស់តៃវ៉ាន់ ប៉េងប៉ោងបានឆ្លងកាត់ដែនទឹកដ៏រសើប ដែលបំបែកតៃវ៉ាន់ និងចិនទាំងយប់ទាំងថ្ងៃ ដោយខ្លះអណ្តែតពីលើកោះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top