ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល នឹង​ប្តឹង​ឧទ្ធរណ៍ទៅកាន់ ICC លើ​ដីកា​ចាប់​ខ្លួន​ប្រឆាំង​នឹង​លោក ណេតាន់យ៉ាហ៊ូ

AFP

យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានដាក់សេចក្តីជូនដំណឹងមួយ ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ពីចេតនារបស់ខ្លួន ដើម្បីប្តឹងឧទ្ធរណ៍ លើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ។

សេចក្តីថ្លែងការណ៍របស់ការិយាល័យ នាយករដ្ឋមន្ត្រីបានឲ្យដឹងថា អ៊ីស្រាអែល ក៏បានស្នើឱ្យពន្យារពេលការអនុវត្តដីកាចាប់ខ្លួន ដែលត្រូវបានចេញកាលពីសប្តាហ៍មុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “សេចក្តីជូនដំណឹងអំពីការប្តឹងឧទ្ធរណ៍របស់ អ៊ីស្រាអែលបង្ហាញយ៉ាងលម្អិតអំពីរបៀប ដែលការសម្រេចចិត្តចេញដីកាចាប់ខ្លួន គឺគ្មានមូលដ្ឋាន និងគ្មានមូលដ្ឋានការពិត ឬផ្លូវច្បាប់ណាមួយឡើយ”។

ប្រភពបានបន្ថែមថា “អ៊ីស្រាអែល បដិសេធសិទ្ធិអំណាច របស់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ICC និងភាពស្របច្បាប់នៃដីកាចាប់ខ្លួន ប្រឆាំងនឹងលោក ណេតាន់យ៉ាហ៊ូ” ។

គួរបញ្ជាក់ថា ICC បានចេញដីកាចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ និងលោក Gallant ពីបទប្រព្រឹត្ត “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម” ចន្លោះពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់ហ្គាហ្សា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top