ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ទិញយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធស្វ័យទំនើបដែលមានតម្លៃរហូតដល់៤០លានដុល្លារ

AFP

យេរ៉ូសាឡឹម៖ កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិអ៊ីស្រាអ៊ែល បានប្រកាស អំពីការទិញយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធស្វ័យភាពទំនើបដែលមានតម្លៃរហូត ៤០លានដុល្លារ ពីក្រុមហ៊ុន Elbit Systems ដែលជាក្រុមហ៊ុនផលិតអាវុធ និងឧបករណ៍សម្រាប់បម្រើដល់ វិស័យការពារជាតិអ៊ីស្រាអ៊ែល ។

ស្ថិតក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុន Elbit នឹងផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក ដែលប្រមូលព័ត៌មានស៊ើបការណ៍ យន្តហោះគ្មានមនុស្សបើកជាក់លាក់សម្រាប់បេសកកម្ម និងយន្តហោះគ្មានមនុស្សបើកខ្នាតតូច ដែលត្រូវបានរចនាឡើងសម្រាប់ ការវាយប្រហារយ៉ាងជាក់លាក់នៅក្នុងតំបន់ទីក្រុង ។

ក្រសួងខាងលើបានឲ្យដឹងថា ប្រព័ន្ធថ្មីនេះមានលក្ខណៈពិសេស “សមត្ថភាពកម្រិតខ្ពស់ និងត្រូវបានរចនាឡើងសម្រាប់បេសកកម្មផ្សេងៗ រួមទាំងការប្រមូលផ្តុំស៊ើបការណ៍ច្បាស់លាស់ និងការវាយប្រហារតាមគោលដៅ”  ដោយបានឲ្យដឹងទៀតថា វាពង្រឹងសមត្ថភាពប្រយុទ្ធស្វយ័តរបស់យោធានៅលើសមរភូមិ ។

គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មកនេះ ប្រទេសអ៊ីស្រាអ៊ែល បានចូលរួមក្នុងជម្លោះជាច្រើនភាគីដែលពាក់ព័ន្ធនឹងប្រទេសលីបង់ ស៊ីរី យ៉េមែន អ៊ីរ៉ាក់ និងយុទ្ធនាការយោធាដ៏ធំមួយនៅក្នុងតំបន់ហ្គាហ្សា ។ នៅក្នុងអំឡុងពេលនេះដែរ  អ៊ីស្រាអ៊ែល បានពឹងផ្អែកកាន់តែខ្លាំងឡើងលើ យន្តហោះគ្មានមនុស្សបើកសម្រាប់ការឃ្លាំមើល និងការវាយប្រហារយ៉ាងជាក់លាក់ ដើម្បីតាមដានសកម្មភាពសកម្មប្រយុទ្ធ និងធ្វើប្រតិបត្តិការតាមគោលដៅ ៕

To Top