នៅថ្ងៃទី ១០ ខែធ្នូ “តារាងពិន្ទុ”ថ្មីបំផុត នៃពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិនត្រូវបានប្រកាស ។ តាមទិន្នន័យបង្ហាញឱ្យឃើញថា ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូល ទំនិញសរុបរបស់ប្រទេសចិនមានចំនួន ៣៩,៧៩ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ៤,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២៣ ។ ក្នុងនោះ ការនាំចេញបានកើនឡើង ៦,៧ភាគរយ ការនាំចូលបានកើនឡើង ២,៤ ភាគរយដែលសម្រេចបាន នូវកំណើនប្រកបដោយភាពនឹងនរជាទូទៅ ។
បើមើលពីក្របខ័ណ្ឌទូទាំងពិភពលោក អាចឃើញថា សមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនទទួលបាននោះ គឺ បានមកដោយមិនងាយទេ។ បច្ចុប្បន្ននេះ ការប៉ះទង្គិចផ្នែកភូមិសាស្ត្រនយោបាយ បានកើតឡើងឥតឈប់ឈរ ហើយការការពារ ផ្នែកពាណិជ្ជកម្ម នៅទូទាំងពិភពលោកមានភាពកាន់តែខ្លាំងឡើងៗ ។ ក្នុងនាមជាការឆ្លុះបញ្ចាំងមួយ នៃសេដ្ឋកិច្ចរបស់ចិន ភាពធន់និង សមិទ្ធផល គួរឱ្យកត់សម្គាល់នៃពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិនបានបញ្ជាក់ថា “ប្រទេសចិន មានជំនឿចិត្តយ៉ាងពេញ លេញក្នុងការសម្រេចបាន នូវគោលដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនដ៏ធំបំផុត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក” ។
បើមើលពីទិន្នន័យជាក់ស្តែងអាចឃើញថា ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ ការនាំចេញផលិតផលគ្រឿងយន្តនិងអេឡិចត្រូនិកដែលមានបច្ចេកទេស និងតម្លៃបន្ថែមខ្ពស់របស់ចិនមានចំនួន ១៣,៧ ទ្រីលានយាន់ប្រាក់ចិនដែលត្រូវជាជិត ៦០ ភាគរយនៃការនាំចេញ ។ អ្នកជំនាញបានលើកឡើងថា ស្របពេលដែលប្រទេសចិនពន្លឿន ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី “ផលិតផលថ្មីទាំងបី”របស់ប្រទេសចិនដូចជារថយន្តដើរដោយថាមពលថ្មី ថ្មលីចូមនិងផលិតផលប្រព័ន្ធ PV ជាដើមបានជំរុញកំណើនពាណិជ្ជកម្ម ជាមួយបរទេសឥតឈប់ឈរ ហើយផលិតផលសំខាន់ៗជាប្រពៃណីដូចជា កុងតឺន័រនិងនាវាជាដើមក៏បានបញ្ចេញកម្លាំងរស់រវើកថ្មីផងដែរដែលធ្វើឱ្យ”ការផលិតដោយតម្រិះប្រាជ្ញាចិន”ទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ។
ប្រទេសចិនមិនត្រឹមតែបានបញ្ជូន នូវផលិតផល ដែលមានគុណភាពខ្ពស់និងតម្លៃថោកសមរម្យដល់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏បានចែករំលែកទីផ្សារធំ និងឱកាសថ្មីរបស់ខ្លួន ជាមួយពិភពលោក តាមរយៈការពង្រីកការនាំចេញផងដែរ ។ ក្នុង១១ ខែដើមឆ្នាំនេះ បរិមាណនាំចូលផលិតផលថាមពលនិងផលិតផលរ៉ែរបស់ប្រទេសចិនបានកើនឡើង ៦,៣ ភាគរយនិង ៤,៣ ភាគរយដោយឡែកពីគ្នា ឯការនាំចូលផលិតផលគ្រឿងយន្តនិងអេឡិចត្រូនិកមានចំនួន ៦,៣៥ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ៧,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។
លើសពីនេះទៅទៀត រដ្ឋាភិបាលចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយបណ្តាភាគីនានា ក្នុងន័យត្រួសត្រាយទីផ្សារនៃប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ជាដើម ក៏ដូចជានាំចូលផលិតផល ប្រកបដោយគុណភាពខ្ពស់ ។ ១១ ខែដើមឆ្នាំនេះ ការនាំចេញនាំចូលសរុបរបស់ចិន ជាមួយប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”មានចំនួន ១៨,៧៤ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៦ ភាគរយ ក្នុងនោះ ការនាំចូលមានចំនួន ៨,២២ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ៣,៤ ភាគរយ ។
តើសមិទ្ធផលគួរឱ្យកត់សម្គាល់បែបនេះ គឺទទួលបានមកពីណា ? បើមើលពីលក្ខខណ្ឌខាងក្រៅអាចឃើញថា បច្ចុប្បន្ននេះ ពាណិជ្ជកម្មទំនិញពិភពលោក បានរក្សានិន្នាការងើបឡើងវិញ ដែលបានមានអំណោយផលដល់ការងើបឡើងវិញនៃតម្រូវការ ។ អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀត គឺ បើមើលពីក្នុងស្រុកអាចឃើញថា អាស្រ័យដោយកត្តាវិជ្ជមានជាច្រើនដូចជា សេដ្ឋកិច្ចចិនមានសភាពការណ៍ល្អប្រសើរជាទូទៅ មានទីផ្សារធំទូលាយ មានភាពធន់និងសក្ដានុពលខ្លាំង បូករួមទាំងការដើរតួនាទី ជាបន្តបន្ទាប់នៃគោលនយោបាយ និងវិធានការមួយចំនួនរបស់រដ្ឋាភិបាលចិននាពេលថ្មីៗកន្លងទៅនេះ ក៏ដូចជាមុខរបរថ្មីនិងរូបមន្តថ្មី សម្រាប់ជំរុញកំណើនពាណិជ្ជកម្មជាមួយបរទេសបាននិងកំពុងលេចចេញជាបន្តបន្ទាប់ ។
ពាណិជ្ជកម្មជាមួយបរទេស ត្រូវបានចាត់ទុកថា ជា”កញ្ចក់”សម្រាប់ឆ្លុះបញ្ចាំងពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសមួយ ។ កំណើនដ៏នឹងនរនៃពាណិជ្ជកម្ម ជាមួយបរទេសរបស់ចិន បានឆ្លុះបញ្ចាំងពីភាពធន់និងភាពរស់រវើកនៃសេដ្ឋកិច្ចចិន ហើយក៏បាននាំមកនូវផលប្រយោជន៍និងភាព ប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកផងដែរ ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរ និង ជាប្រទេសធំទីមួយខាងពាណិជ្ជកម្មទំនិញលើទូទាំងពិភពលោក ប្រទេសចិនបានគាំពារយ៉ាងខ្លាំងក្លា នូវស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលបានជំរុញឱ្យពាណិជ្ជកម្មសកលទទួលការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងភាពល្អបរិសុទ្ធ ។ ពេលថ្មីៗនេះ គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ ដូចជាក្រុមហ៊ុន Goldman Sachs ក្រុមហ៊ុន JP Morgan Chase ជាដើមបាននាំគ្នាបង្ហាញពីការមានសុទិដ្ឋិនិយមចំពោះអនាគតនៃសេដ្ឋកិច្ចរបស់ចិនដោយអះអាងថា រីករាយបន្តធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅទីផ្សារចិន ។ ព្រមពេលជាមួយគ្នានេះ ដោយយោងទៅលើវិធានការវិជ្ជមានមួយចំនួនដែលប្រទេសចិនបានដាក់ចេញនាពេលថ្មីៗកន្លងទៅនេះ ស្ថាប័នជាច្រើនបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ ២០២៤ ។
ការពិតជាក់ស្តែងបានបញ្ជាក់ថា ការអភិវឌ្ឍរបស់ប្រទេសចិន គឺ មានភាព បើកទូលាយនិងបរិយាបន្ន ហើយប្រទេសចិនបាននិង កំពុងជំរុញការកសាងប្រព័ន្ធ សេដ្ឋកិច្ចពិភពលោកបែបបើកចំហ ជាបន្តបន្ទាប់ ។ នៅពេលអនាគត ប្រទេសចិន នឹងបន្តពង្រីកការបើកទូលាយចំពោះអន្តរជាតិជាបន្តបន្ទាប់ តភ្ជាប់នឹងក្រឹត្យក្រមខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ដែលមានស្តង់ដារខ្ពស់ដោយម្ចាស់ការនិងបង្កបង្កើត បរិយាកាសប្រកបអាជីវកម្មដ៏ល្អប្រសើរ ដើម្បីផ្តល់ឱកាសថ្មីៗកាន់តែច្រើន សម្រាប់ការអភិវឌ្ឍ របស់បណ្តាប្រទេសនានា លើពិភពលោក ក៏ដូចជាចែករំលែកភាគលាភនៃការអភិវឌ្ឍកាន់តែច្រើន ៕