បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិលោក Andrey Belousov បានបង្ហាញឱ្យដឹងក្នុងអំឡុងកិច្ចប្រជុំមន្ត្រីកំពូលនៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទថា មនុស្សជាង៤២០,០០០ នាក់បានចូលរួមជាមួយកងទ័ពរុស្ស៊ីក្នុងឆ្នាំ២០២៤ ដែលដឹកនាំដោយអគ្គមេបញ្ជាការប្រធានាធិបតី Vladimir Putin ។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា មនុស្សប្រហែល១,២០០ នាក់បានស្ម័គ្រចិត្តចុះឈ្មោះចូលបម្រើយោធាជារៀងរាល់ថ្ងៃហើយយើងនៅតែបន្តការងារជាប្រព័ន្ធលើការបំពាក់កងកម្លាំងប្រដាប់អាវុធចាប់តាំងពីដើមឆ្នាំមក។ ក្នុងនោះផងដែរBelousov បាននិយាយថា ទាហានជាង៤២៧,០០០ នាក់គឺត្រូវបានជ្រើសរើសរួចហើយ។
លោកបានពន្យល់ថា កិច្ចការសំខាន់មួយសម្រាប់យោធានៅពេលនេះ គឺមិនត្រូវបាត់បង់សន្ទុះ និងបន្តទាក់ទាញអ្នកជ្រើសរើសក៏ដូចជាណែនាំបច្ចេកទេសថ្មីៗទាក់ទងនឹងការបណ្តុះបណ្តាលបុគ្គលិកដែលបានរៀនពីបទពិសោធន៍ប្រយុទ្ធក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេសនោះទេ។
រុស្សីបានគេរាយការណ៍ថាទាហានជាង៣០០,០០០ នាក់បានទទួលការបណ្តុះបណ្តាលបែបនេះនៅក្នុងកងវរសេនាធំបម្រុង។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Krasnaya Zvezda កាលពីដើមខែនេះ វរសេនីយ៍ឯក Ivan Buvaltsev ប្រធាននាយកដ្ឋានបណ្តុះបណ្តាលការប្រយុទ្ធនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបាននិយាយថា យុទ្ធសាស្ត្រហ្វឹកហ្វឺនសម្រាប់កងវរសេនាធំបម្រុងកំពុងត្រូវបានកែសម្រួលជានិច្ចដោយផ្អែកលើបទពិសោធន៍ប្រយុទ្ធនៅអ៊ុយក្រែន។
រំលឹកដែរថាកាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលបង្កើនចំនួនបុគ្គលិកកងកម្លាំងប្រដាប់អាវុធដល់ ២,៣៩ លាននាក់ ក្នុងនោះមានមន្ត្រីយោធា ១,៥ លាននាក់៕
ប្រែសម្រួល៖ស៊ុនលី