បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងពិចារណាពីលទ្ធភាពដែលនាយកប្រតិបត្តិ Tesla លោក Elon Musk ឬប្រធានក្រុមហ៊ុន Oracle លោក Larry Ellison ទិញយក TikTok ។
យោងតាមសារព័ត៌មាន CNBC ចេញផ្សាយកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសពីការបណ្តាក់ទុនរួមគ្នា សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិមិត្ត លោក Trump ត្រូវបានសួរដោយអ្នកសារព័ត៌មាន ថាតើលោកបើកចំហចំពោះលោក “Elon ក្នុងការទិញ TikTok” ដែរឬទេ។
លោក Trump បាននិយាយជាការឆ្លើយតបថា “ខ្ញុំនឹងបើក ប្រសិនបើគាត់ចង់ទិញវា” “ខ្ញុំក៏ចង់ឱ្យ Larry ទិញវាដែរ”។
TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ByteDance របស់ប្រទេសចិន ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីលោក Trump បានចុះហត្ថលេខាលើក្រឹតប្រធានាធិបតីកាលពីថ្ងៃចន្ទ ដើម្បីរក្សា TikTok ឱ្យដំណើរការនៅក្នុងសហរដ្ឋអាមេរិករយៈពេល ៧៥ ថ្ងៃទៀត។ ក្រឹតប្រធានាធិបតីនោះមានគោលបំណងផ្អាក ការហាមឃាត់ដែលបានចូលជាធរមាន បន្ទាប់ពីតុលាការកំពូលកាលពីសប្តាហ៍មុន បានតម្កល់សុពលភាពនៃច្បាប់សន្តិសុខជាតិ ដែលនឹងដាក់ពិន័យលើកម្មវិធី និងអ្នកផ្តល់សេវាសម្រាប់ទទួលយក TikTok លុះត្រាតែ ByteDance ព្រមលក់វា។
អ្នកវិភាគ គឺបានវាយតម្លៃអាជីវកម្មរបស់អាមេរិក បានវាយតម្លៃថា TikTok អាចមានតម្លៃប្រហែល ៥០ ពាន់លានដុល្លារ។ យ៉ាងណាក៏ដោយ លោក Trump បាននិយាយកាលពីថ្ងៃអង្គារថា TikTok នឹង “គ្មានតម្លៃ” ដោយមិនមានការអនុញ្ញាតឱ្យ ធ្វើប្រតិបត្តិការនៅសហរដ្ឋអាមេរិក ប៉ុន្តែវាអាចមានតម្លៃដល់ទៅ ១ ពាន់ពាន់លានដុល្លារ៕
ប្រែសម្រួលៈ ណៃ តុលា