សេអ៊ូល៖ ទីភ្នាក់ងារទិញសព្វាវុធរបស់រដ្ឋបានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់មកពីកូរ៉េខាងត្បូង និងប៉ូឡូញ បានជួបពិភាក្សាគ្នា និងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះកិច្ចសហប្រតិបត្តិការអាវុធទ្វេភាគី ទោះបីជាមានការចលាចលច្បាប់អាជ្ញាសឹក របស់ទីក្រុងសេអ៊ូលក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
នៅក្នុងកិច្ចពិភាក្សាដែលបានធ្វើឡើងនៅទីក្រុង Warsaw កាលពីខែមុន លោក Cho Hyun-ki អនុរដ្ឋមន្ត្រី សម្រាប់កម្មវិធីសមត្ថភាពបច្ចុប្បន្ន នៅរដ្ឋបាលកម្មវិធីការទិញយកការពារជាតិ (DAPA) បានជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញលោក Pawel Bejda ហើយបានសង្កត់ធ្ងន់ថាប៉ូឡូញ គឺជាដៃគូដ៏សំខាន់មួយរបស់កូរ៉េខាងត្បូង សម្រាប់កិច្ចសហប្រតិបត្តិការអាវុធ។
ពួកគេបានពិនិត្យមើលការអនុវត្ត កិច្ចព្រមព្រៀងសព្វាវុធរបស់ពួកគេ រួមទាំងការពាក់ព័ន្ធនឹងរថក្រោះ K2 និងម៉ាស៊ីនបាញ់ដោយស្វ័ប្រវត្ដិ K9 និងបានធ្វើការពិភាក្សាស៊ីជម្រៅលើ កិច្ចសហប្រតិបត្តិការក្នុងផ្នែកថែទាំ ជួសជុល និងប្រតិបត្តិការ។ លោកបានលើកឡើងថា “ប៉ូឡូញគឺជាដៃគូដ៏សំខាន់បំផុតសម្រាប់ វិស័យការពារជាតិកូរ៉េខាងត្បូង ហើយការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ចំពោះកិច្ចសហប្រតិបត្តិការ គឺរឹងមាំ” ដោយបានប្តេជ្ញាថា នឹងផ្តល់ការគាំទ្រពីរដ្ឋាភិបាលពេញលេញ សម្រាប់កិច្ចសហប្រតិបត្តិការអាវុធទ្វេភាគី។
ការពិភាក្សានេះបានធ្វើឡើងនៅពេលដែលទីក្រុងសេអ៊ូល ស្វែងរកការបញ្ចប់កិច្ចសន្យាជុំទីពីរ របស់ខ្លួនក្នុងការនាំចេញរថក្រោះ K2 ចំនួន ៨២០គ្រឿង ដែលផលិតដោយក្រុមហ៊ុន Hyundai Rotem Co. ទៅកាន់ប្រទេសអឺរ៉ុប។ DAPA បានលាតត្រដាងពីកិច្ចប្រជុំកាលពីខែមុន ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយ ដើម្បីបន្ធូរបន្ថយការព្រួយបារម្ភថា ភាពមិនច្បាស់លាស់ខាងនយោបាយ បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីថ្ងៃទី៣ ខែធ្នូ អាចរារាំងការដេញថ្លៃការនាំចេញ អាវុធរបស់ទីក្រុងសេអ៊ូល ៕
ប្រែសម្រួល ឈូក បូរ៉ា