ព័ត៌មានអន្តរជាតិ

អឺរ៉ុបបរាជ័យ ក្នុងការផ្តល់ជំនួយ យោធាថ្មី ៣២ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រទេសហុងគ្រី វេតូ

RT News

បរទេស ៖ សហភាពអឺរ៉ុបបានបរាជ័យក្នុងការយល់ព្រមលើកញ្ចប់ជំនួយយោធាថ្មីចំនួន ៣០ ពាន់លានអឺរ៉ូ (៣២ ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រទេសហុងគ្រី បានវេតូវិធានការនេះនៅឯកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍។ ទោះបីជាមានការគាំទ្រ យ៉ាងទូលំទូលាយពីសមាជិក សហភាពអឺរ៉ុបចំនួន ២៦ ផ្សេងទៀតក៏ដោយ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានរារាំងសេចក្តីថ្លែងការណ៍ របស់មេដឹកនាំអឺរ៉ុប ដោយពន្យារពេលជំនួយ បន្ថែមទៀតដល់ទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចព្រមព្រៀងប្រាំចំណុច ដែលបានស្នើឡើង រួមមានការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ការប្តេជ្ញាចិត្តដែលថា គ្មានការចរចាជាមួយរុស្ស៊ីនឹងប្រព្រឹត្តទៅដោយគ្មានទីក្រុងគៀវ និងការសន្យា ដើម្បីរក្សាបូរណភាពទឹកដី របស់អ៊ុយក្រែន ។ ទោះជាយ៉ាងណាក៏ដោយ លោក Orban ដែលជាអ្នករិះគន់ដោយពាក្យសំដី លើជំនួយយោធាដល់អ៊ុយក្រែន និងជាអ្នកតស៊ូមតិ សម្រាប់កិច្ចចរចាសន្តិភាព បានច្រានចោលសំណើនេះ ដោយលើកហេតុផលថា វាផ្ទុយនឹងជំហររបស់ប្រទេសហុងគ្រី ។

លោក Orban បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះថា «វានិយាយអំពីអ៊ុយក្រែនដែលត្រូវពង្រឹងដើម្បីឲ្យវាអាចប្រយុទ្ធបានកាន់តែខ្លាំងឡើង ហើយជាការពិតណាស់ ហុងគ្រីមិនបានគាំទ្រទេ ពីព្រោះនេះផ្ទុយទាំងស្រុងទៅនឹងជំហររបស់យើងក្នុងការពេញចិត្តចំពោះសន្តិភាព” ។

យោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយនៅលើ គេហទំព័រក្រុមប្រឹក្សាអឺរ៉ុប ការសម្រេចចិត្តចុងក្រោយ ស្តីពីការគាំទ្ររបស់អ៊ុយក្រែន ត្រូវបានពន្យារពេលរហូតដល់កិច្ចប្រជុំកំពូល របស់មេដឹកនាំសហភាពអឺរ៉ុប បន្ទាប់ដែលគ្រោងធ្វើនៅថ្ងៃទី ២០ ខែមីនា៕
ប្រែសម្រួលៈ ណៃ តុលា

To Top