
តូក្យូ៖ ទីក្រុងតូក្យូកាលពីថ្ងៃចន្ទបានប្រារព្ធខួបលើកទី ៨០ នៃការវាយឆ្មក់តាមអាកាសរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ដែលបានសម្លាប់មនុស្សប្រហែល ១០០,០០០ នាក់ ចំពេលមានការព្រួយបារម្ភអំពីការបាត់បង់ ការចងចាំនៃការទម្លាក់គ្រាប់បែកដ៏បំផ្លិចបំផ្លាញនេះ។
ពិធីរំលឹកវិញ្ញាណក្ខន្ធមួយត្រូវបានប្រារព្ធឡើង នៅឯសួនឧទ្យានមួយក្នុងសង្កាត់ Sumida នៃរដ្ឋធានី ដែលជាកន្លែងទុកអដ្ឋិធាតុ នៃជនរងគ្រោះជាច្រើននាក់។ ជាមួយនឹងជាង ៨៧ ភាគរយនៃចំនួនប្រជាជនជប៉ុន ដែលកើតក្រោយសង្រ្គាម អ្នកចូលរួមបានសន្យាថា នឹងបញ្ជូនការចងចាំទៅកាន់មនុស្សជំនាន់ក្រោយ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បាននិយាយនៅក្នុងសារមួយទៅកាន់ព្រឹត្តិការណ៍នេះ ដែលត្រូវបានចូលរួមដោយមនុស្សប្រហែល ១៦០ នាក់ រួមទាំងគ្រួសារជនរងគ្រោះថា “យើងត្រូវរក្សាការចងចាំ និងមេរៀននៃសង្រ្គាមដ៏រន្ធត់នេះនៅក្នុងចិត្តរបស់យើង ហើយបញ្ជូនវាទៅមនុស្សជំនាន់ក្រោយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
អភិបាលក្រុងតូក្យូលោក Yuriko Koike ព្រមទាំងព្រះអង្គម្ចាស់ Fumihito និងព្រះអង្គម្ចាស់ Kiko បានចូលរួមក្នុងពិធីនេះដែរ។ លោក Koike បានលើកឡើងថា “ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេបានធ្វើការ ដោយមិនចេះនឿយហត់ក្នុងការសាងសង់ ទីក្រុងតូក្យូនាពេលបច្ចុប្បន្ននេះ។ ដោយគិតក្នុងចិត្ត យើងនឹងឆ្លងកាត់ទីក្រុងប្រកបដោយនិរន្តរភាពទៅថ្ងៃអនាគត”។
នៅព្រឹកព្រលឹមថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៥ យន្តហោះទម្លាក់គ្រាប់បែក B-29 របស់អាមេរិក បានទម្លាក់គ្រាប់បែកផ្សែងទៅលើផ្នែកខ្លះនៃទីក្រុងតូក្យូ ជាពិសេសទៅលើតំបន់ ដែលមានប្រជាជនរស់នៅច្រើន ដោយបានដុតបំផ្លាញអគារលំនៅដ្ឋានប្រមាណ ២៧០,០០០ ក្នុងរយៈពេលពេញមួយយប់។
មនុស្សជាច្រើនបានបរាជ័យក្នុងការរត់គេចខ្លួន ដោយសារតែច្បាប់ហាមឃាត់ការជម្លៀស ក្នុងអំឡុងពេលការវាយឆ្មក់តាមអាកាស និងបង្ខំមនុស្សឱ្យពន្លត់ភ្លើង។ ខណៈពេលដែលមនុស្សប្រហែល ១០០,០០០ នាក់ត្រូវបានគេនិយាយថា បានស្លាប់ ប៉ុន្ដែតួលេខពិតប្រាកដនៅតែមិនច្បាស់លាស់នៅឡើយ ៕
ប្រែសម្រួល ឈូក បូរ៉ា
