ព័ត៌មានអន្តរជាតិ

ស្លាប់ ២នាក់ ក្នុងហេតុការណ៍វាយប្រហារដោយដ្រូន របស់អ៊ុយក្រែន ក្នុងតំបន់ព្រំដែនភាគខាងជើងទឹកដីរបស់រុស្ស៊ី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលក្រុងង លោក Vyacheslav Gladkov បាននិយាយនៅលើ Telegram កាលពីថ្ងៃសុក្រថា មនុស្សពីរនាក់បានស្លាប់ នៅក្នុងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ជាបន្តបន្ទាប់ទៅលើតំបន់មួយចំនួន នៅក្នុងទឹកដីព្រំដែន Belgorod របស់រុស្ស៊ី។

លោកGladkov បាននិយាយថា ការវាយប្រហារបានសម្លាប់ជនស៊ីវិលម្នាក់ និងរបួសធ្ងន់ម្នាក់ទៀតនៅក្នុងភូមិតូចមួយ ដែលមានចម្ងាយប្រហែល១៨គីឡូម៉ែត្រពីព្រំដែនរុស្ស៊ីជាមួយអ៊ុយក្រែន។ លោក​បាន​បន្ថែម​ថា ការ​វាយ​ប្រហារ​ពីរ​ផ្សេង​ទៀត​លើ​ការ​តាំង​លំនៅ​ផ្សេង​ទៀត​ ក៏​បាន​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ម្នាក់​រង​របួស​ដែរ។

ល្ងាចថ្ងៃដដែល យន្តហោះដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារទៅលើរថយន្តមួយគ្រឿង សម្លាប់បុគ្គលិកនៃក្រុមហ៊ុនសន្តិសុខ ក្នុងតំបន់ដែលផ្តល់សេវាកម្មការពារទ្រព្យសម្បត្តិ ។

លោក Gladkov បាននិយាយថា ក្រុមការងារបួននាក់របស់គាត់ដែលនៅក្បែរនោះ នៅពេលនៃការវាយប្រហារក៏បានរងរបួសផងដែរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

គួរឲ្យដឹងដែរថាប្រហែលពាក់កណ្តាល នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកផ្សេងទៀត ដែលបានចាប់ផ្តើមដោយកងកម្លាំង របស់ទីក្រុងគៀវកាលពីថ្ងៃសុក្របាន បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន។ យ៉ាងណាក្តីយោងតាមទិន្នន័យ ដែលផ្តល់ដោយអាជ្ញាធរមូលដ្ឋាន ការវាយប្រហារនេះត្រូវបានគេជឿជាក់ថា គឺបានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ផ្ទះឯកជន និងរចនាសម្ព័ន្ធពាណិជ្ជកម្ម ព្រមទាំងយានយន្តផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top