បរទេស៖ អាជីវករ និងអ្នកនាំចេញទុរេនថៃ រំពឹងថា តម្លៃផ្លែទុរេននឹងធ្លាក់ចុះនៅឆ្នាំនេះ ដោយសារការផ្គត់ផ្គង់ត្រូវបានព្យាករណ៍ថានឹងកើនឡើង។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Sanchai Puranachaikiri ប្រធានសមាគមពាណិជ្ជករ និងនាំចេញផ្លែឈើស្រស់ថៃ បាននិយាយថា ការផ្គត់ផ្គង់ផ្លែទុរេនពីខេត្តភាគខាងកើតរបស់ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងកើនឡើង 20% នៅឆ្នាំនេះ ជាមួយនឹងការប្រមូលផលចម្បងនឹងចាប់ផ្តើមនៅខែក្រោយ។
បើយោងតាមអតីតប្រធានសមាគមលោក Paiboon Wongchotesathit ដែលបានព្យាករថា ការផ្គត់ផ្គង់ក្នុងតំបន់នឹងឈានដល់ ៨០០.០០០តោន ចំណែកតម្លៃទំនងជានឹងធ្លាក់ចុះ ។
លោក Paiboon ត្រូវបានកាសែត បាងកក ប៉ុស្តិ៍ ដកស្រង់សម្តីថា «អ្នកប្រើប្រាស់នឹងទទួលបាន អត្ថប្រយោជន៍ពីទុរេនដែលមានតម្លៃថោកដែលមានគុណភាពល្អជាងនេះ»។ រដូវទុរេនកំពូលរបស់ប្រទេសថៃជាធម្មតា ដំណើរការដោយចាប់ផ្តើមពីខែមេសាដល់ខែកក្កដា ដោយចាប់ផ្តើមនៅតំបន់ភាគខាងកើតមុន នឹងប្តូរទៅភាគខាងត្បូង។ នេះបើយោងតាមកាសែត The Nation របស់ថៃ។
សរុបមក ក្រសួងកសិកម្ម និងសហករណ៍ថៃ ព្យាករថា ទិន្នផលទុរេនកើនឡើង ៣៧% ដល់ ១,៧៦ លានតោននៅឆ្នាំនេះ។ នេះនឹងបង្ហាញពីភាពប្រសើរឡើងពីឆ្នាំមុន នៅពេលដែលការប្រមូលផលទុរេនដ៏សំខាន់ របស់ប្រទេសថៃត្រូវបានវាយប្រហារដោយរលកកំដៅ ដែលបានបោកបក់ពាសពេញអាស៊ីអាគ្នេយ៍។ កាលពីខែមេសា ប្រទេសនេះបានកត់ត្រាសីតុណ្ហភាព ៤៤,២ អង្សារសេ ៕
ប្រែសម្រួលៈ ណៃ តុលា
