ពីមុននៅប៉ាគីស្ថាន បន្ទាប់មកអ៊ីរ៉ង់ ប្រព័ន្ធ ការពារដែនអាកាសរបស់ចិន មើលទៅដូចជាខ្លាក្រដាស
បរទេស៖ កាលពីព្រឹកថ្ងៃសៅរ៍ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ រួមទាំងមេដឹកនាំកំពូលលោក អាលី ខាមេនី បានជួបប្រជុំគ្នា នៅបរិវេណមួយ ក្នុងទីក្រុងតេហេរ៉ង់ ទោះបីជាដឹងថា ការវាយប្រហាររួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងកើតឡើង នៅចំណុចណាមួយ នាពេលខាងមុខក៏ដោយ ។ មេដឹកនាំអ៊ីរ៉ង់បានរៀបចំខ្លួន ដោយធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពារជាតិ របស់ពួកគេជាមួយនឹងមីស៊ីល បាញ់ពីលើដីទៅអាកាស HQ-9B ដែលផលិតនៅប្រទេសចិន ហើយមានអារម្មណ៍ថា មានសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចប្រជុំ ប៉ុន្តែពួកគេយល់ច្រឡំ។
យោងតាមសារព័ត៌មាន SAN របស់អាមេរិក ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ថា ក្នុងរយៈពេលប៉ុន្មាននាទី គឺ យន្តហោះចម្បាំងអ៊ីស្រាអែលបានបាញ់មីស៊ីលជាង ៣០គ្រាប់ទៅលើបរិវេណ ប្រជុំ ដោយបានសម្លាប់មន្ត្រីរដ្ឋាភិបាល រួមទាំងលោក ខាមេនី ផងដែរ។ ប្រព័ន្ធការពារដែនអាកាសរបស់ចិន គឺមិនបានធ្វើអ្វីដើម្បីបញ្ឈប់ប្រតិបត្តិការនោះទេ ដែលជាលើកទីបីហើយដែលប្រព័ន្ធជាក់លាក់នេះបានបង្ហាញថា មិនគ្រប់គ្រាន់។
ប្រទេសចិនអះអាងថា ប្រព័ន្ធការពារដែនអាកាស HQ-9B របស់ខ្លួនមានសមត្ថភាព ដូចវេទិកាមីស៊ីល Patriot របស់អាមេរិកដែរ ។ ក្នុងឱកាសចំនួនបី ប្រព័ន្ធការពារដែនអាកាស HQ-9B បានបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបំពេញការងាររបស់ខ្លួន។
បន្ទាប់ពីការវាយប្រហារ អ៊ីស្រាអែល-អាមេរិក ឆ្នាំ ២០២៥ អ៊ីរ៉ង់ បានស្វែងរកការបង្កើន ការការពាររបស់ខ្លួន ប្រឆាំង នឹងការវាយប្រហារ នាពេលអនាគត ។ នៅពេលដែលការចរចាបានវិវត្តយ៉ាងឆាប់រហ័ស នៅដើមឆ្នាំនេះ ប្រទេសនេះ បានចាប់ផ្តើមដាក់ពង្រាយ ប្រព័ន្ធទាំងនោះនៅទីតាំង ដែលពួកគេជឿថា កងកម្លាំងការពារជាតិអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនឹងវាយប្រហារ។ អ៊ីរ៉ង់ពីមុនបានប្រើប្រាស់ប្រព័ន្ធ S-300PMU-2s ផលិតនៅរុស្ស៊ី ប៉ុន្តែកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានបំផ្លាញឃ្លាំងអាវុធភាគច្រើនរបស់ប្រទេសនេះនៅឆ្នាំ ២០២៥។
ឥឡូវនេះ អ្នកជំនាញយោធា និងអ្នកវិភាគ កំពុងឆ្ងល់ថា តើប្រទេសចិនប្រហែល ជាកំពុងវាយតម្លៃលើ សសមត្ថភាពយោធារបស់ខ្លួនដែរឬទេ។
នៅក្នុងខែឧសភា ឆ្នាំ ២០២៥ ប្រទេស ប៉ាគីស្ថាន និងឥណ្ឌាបានចាប់ផ្តើមជម្លោះជាមួយគ្នា រយៈពេលបួនថ្ងៃដ៏ខ្លីមួយ ដែលប្រទេសទាំងពីរបានប្រើប្រាស់អាវុធ និងបច្ចេកវិទ្យាជាច្រើនប្រភេទ រួមទាំងប្រព័ន្ធការពារដែនអាកាសផងដែរ។ ប៉ាគីស្ថានបានទិញប្រព័ន្ធការពាររបស់ចិន ហើយបានធ្វើឱ្យវាសកម្ម ក្នុងអំឡុងពេលវាយប្រហារ។
ឥណ្ឌាបាននិយាយថា យោធារបស់ខ្លួន អាចកម្ទេចគោលដៅជាច្រើន ដែលនាំឱ្យកងទ័ពអាកាសប៉ាគីស្ថាន បាត់បង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ២០% នៅក្នុងការវាយប្រហារ។
ឧត្តមសេនីយ៍ឯកឥណ្ឌាចូលនិវត្តន៍ GD Bakshi បានប្រាប់ EurAsian Times ថា “HQ-9 និង HQ-16 មានដំណើរការមិនល្អ ។ យើងបានបន្សាបពួកវា ដោយជោគជ័យ”។
តិចជាងមួយឆ្នាំក្រោយមក ការវាយប្រហារមួយផ្សេងទៀត បានសាកល្បងប្រព័ន្ធ របស់ចិនម្តងទៀត ប៉ុន្តែលើកនេះនៅក្នុងប្រទេសវេណេស៊ុយអេឡាប្រឆាំង នឹងយោធាអាមេរិក ដែលមានភាពជឿនលឿនជាង។ ប្រទេសវេណេស៊ុយអេឡា បានទិញរ៉ាដាប្រឆាំងការបំបាំងកាយ JY-27A របស់ចិនដើម្បីប្រើជាមួយប្រព័ន្ធ SAM S-300VM របស់រុស្ស៊ីដើម្បីបង្កើតបណ្តាញការពារដែន អាកាសជាស្រទាប់ៗ។
យ៉ាងណាក៏ដោយ ក្នុងអំឡុងពេលវាយឆ្មក់ របស់សហរដ្ឋអាមេរិក នៅទីក្រុងការ៉ាកាស ឧបករណ៍រំខានរ៉ាដា របស់សហរដ្ឋអាមេរិក បានរំខានដល់ប្រព័ន្ធរ៉ាដារបស់ចិន មុនពេលមីស៊ីល អាចចាក់សោបាន។ របាយការណ៍ប្រយុទ្ធបង្ហាញថា មិនមានការស្ទាក់ចាប់ ដែលបានបញ្ជាក់ដោយប្រទេសវេណេស៊ុយអេឡាទេ។ បេសកកម្មនេះគឺជាជោគជ័យសម្រាប់អាមេរិក និងជាការបរាជ័យមួយទៀត សម្រាប់ប្រព័ន្ធរ៉ាដារបស់ចិន។
