ធ្លាក់យន្តហោះដឹកជញ្ជូនយោធា ដែលមានមនុស្សចំនួន១២១ នាក់ ភាគច្រើនជាទាហាន នៅប្រទេសកូឡុំប៊ី បណ្តាលឱ្យស្លាប់ជាច្រើននាក់
បរទេស៖ យន្តហោះដឹកជញ្ជូនយោធាមួយគ្រឿង ដែលមានមនុស្សចំនួន ១២១ នាក់នៅលើយន្តហោះ ភាគច្រើនជាទាហាន បានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះឡើងកាលពីថ្ងៃចន្ទ នៅទីក្រុង Puerto Leguizamo ប្រទេសកូឡុំប៊ី ដោយបានសម្លាប់ មនុស្សយ៉ាងហោចណាស់ ៣៣ នាក់ និងរបួសយ៉ាងហោចណាស់ ៨១ នាក់ , នេះបើយោងតាមអនុប្រធានក្រុង។
យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ថា នៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម អនុប្រធានក្រុង គឺលោក Carlos Claros បាននិយាយថា សាកសពជនរងគ្រោះ ត្រូវបានយកទៅដាក់ នៅសាលតម្កល់ សពរបស់ទីក្រុងតូចមួយ ហើយគ្លីនិក តែពីរប៉ុណ្ណោះនៅក្នុង ទីក្រុងបានព្យាបាល អ្នករងរបួស មុនពេលពួកគេត្រូវបានដឹកទៅកាន់ទីក្រុងធំៗ។ ទីក្រុង Puerto Leguizamo មានទីតាំងនៅ Putumayo ខេត្តអាម៉ាហ្សូននៀន ដែលមានព្រំប្រទល់ជាប់ប្រទេសអេក្វាឌ័រ និងប្រទេសប៉េរូ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកូឡុំប៊ី Pedro Sánchez បាននិយាយនៅលើ X ថា យន្តហោះដែលបានធ្លាក់នៅ ថ្ងៃចន្ទកំពុងដឹកជញ្ជូនកងទ័ពទៅកាន់ទីក្រុងមួយផ្សេងទៀតនៅ Putumayo។
កងទ័ពអាកាសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មនុស្ស ៧៧ នាក់ត្រូវបានជួយសង្គ្រោះ ពីកន្លែងធ្លាក់ដោយមានរបួស ។ អ្នកនាំពាក្យមកពីក្រសួង ការពារជាតិ បាននិយាយថា មន្ត្រីនៅតែកំពុងស៊ើប អង្កេតចំនួនអ្នកស្លាប់ចុងក្រោយ៕
ប្រែសម្រួលៈ ណៃ តុលា
