ព័ត៌មានអន្តរជាតិ

គុយបា បានត្រៀមផ្នែកយោធារួចជាស្រេច ក្នុងករណី ដែលមានការឈ្លានពានពីអាមេរិក

បរទេស៖ លោក Carlos Fernandez de Cossio អនុរដ្ឋមន្ត្រីការបរទេសគុយបា បានមានប្រសាសន៍បន្ទាប់ ពីលោកប្រធានាធិបតី អាមេរិក Donald Trump បានលើកឡើង អំពីការដណ្តើមយកកោះនេះថា គុយបាបានត្រៀមខ្លួនរួច ជាស្រេច ដើម្បីការពារខ្លួនពីការឈ្លានពាន របស់អាមេរិកដែលអាចកើតមាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ថា ការលើកឡើងទាំងនេះ បានកើតឡើង នៅពេលដែលប្រទេសគុយបាកំពុង ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដែលបង្កឡើងដោយការបិទ ផ្លូវប្រេងដែលដាក់ដោយលោក Trump កាលពីខែមករា។

ក្នុងខែនេះ ទីក្រុងហាវ៉ាណា បានបើកកិច្ចពិភាក្សា ជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង ។ ទោះជាយ៉ាង ណាក៏ដោយ ប្រធានាធិបតីអាមេរិក បាននិយាយម្តងទៀត កាលពីសប្តាហ៍មុនអំពី “ការដណ្តើមយកប្រទេសគុយបាក្នុងទម្រង់ណាមួយ” ដោយអះអាងថា លោកអាចធ្វើ “អ្វីដែលលោកចង់បាន” ជាមួយប្រទេសការ៉ាប៊ីន។

ថ្លែងទៅកាន់កម្មវិធី Meet the Press របស់ NBC កាលពីថ្ងៃអាទិត្យ លោក Fernandez de Cossio បានសង្កត់ធ្ងន់ថា ប្រទេសគុយបា “បានត្រៀមខ្លួន រួចជាស្រេចជាប្រវត្តិសាស្ត្រក្នុងការប្រមូលផ្តុំ នៅពេលដែលប្រទេសជាតិទាំងមូល ត្រូវបានឈ្លានពានផ្នែកយោធា”៕
ប្រែសម្រួលៈ ណៃ តុលា

To Top