ជម្លោះនៅមជ្ឈិមបូព៌ាកាន់តែអាក្រក់ បង្កឲ្យមានការភ័យខ្លាច អំពីវិបត្តិជនភៀសខ្លួនថ្មី នៅអឺរ៉ុប
ឡាអេ៖ ភាពតានតឹងកាន់តែកើនឡើង នៅមជ្ឈិមបូព៌ា បន្ទាប់ពីការប្រឈមមុខដាក់គ្នា ខាងយោធាថ្មីៗនេះកំពុងបង្កើនការព្រួយបារម្ភទូទាំង ទ្វីបអឺរ៉ុបអំពីហានិភ័យ នៃវិបត្តិជនភៀសខ្លួនថ្មី ហូរចូលទៅក្នុងប្លុកនេះ។
កាលពីថ្ងៃអង្គារ អង្គការអន្តរជាតិ សម្រាប់ជនអន្តោប្រវេសន៍ (IOM) ដែលជាទីភ្នាក់ងារអន្តោប្រវេសន៍ របស់អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សជាង ១៣ម៉ឺននាក់បានឆ្លងចូលទៅក្នុងប្រទេសស៊ីរី និងមនុស្សជាងមួយលាននាក់ ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេសលីបង់ ចាប់តាំងពីដើមខែមីនា។
ទោះបីជាការធ្វើចំណាកស្រុកទ្រង់ទ្រាយធំ ទៅកាន់អឺរ៉ុប មិនទាន់កើតឡើងក៏ដោយ ទីភ្នាក់ងារនេះបានព្រមានថា លក្ខខណ្ឌសម្រាប់ការផ្លាស់ ទីលំនៅកាន់តែទូលំទូលាយ មានរួចហើយនៅក្នុងតំបន់ដែលរងផល ប៉ះពាល់ជាយូរមកហើយដោយជម្លោះ។
លោក Johan Forssell រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ស៊ុយអែតបានប្រាប់ Euronews កាលពីដើមខែនេះថា “មិនមានសញ្ញាណាមួយ” នៃការកើនឡើងនៃជនភៀសខ្លួនទៅកាន់អឺរ៉ុបនោះទេ ប៉ុន្តែ “អ្វីៗអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស”។
លោក Nicholas Ioannides អនុរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ នៃប្រទេសស៊ីប បានព្រមាននៅថ្ងៃទី១៣ ខែមីនាថា សហភាពអឺរ៉ុប «មិនអាចមើលរំលងលទ្ធភាព នៃវិបត្តិជនភៀសខ្លួនថ្មីបានទេ»។
ថ្នាក់ដឹកនាំសហភាពអឺរ៉ុបក៏បានសង្កត់ធ្ងន់ លើការប្រុងប្រយ័ត្នផងដែរ ទោះបីជាជម្លោះ «មិនទាន់បានបកប្រែទៅជាលំហូរ ចំណាកស្រុកភ្លាមៗ ទៅកាន់សហភាពអឺរ៉ុបក៏ដោយ» នេះបើយោងតាមការសន្និដ្ឋាន ដែលបានអនុម័តបន្ទាប់ ពីកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប៕
