អ៊ីរ៉ង់ ចោទប្រកាន់សហរដ្ឋអាមេរិក ពីបទរំលោភលើ បទឈប់បាញ់ជាក់ស្តែង
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ “រំលោភយ៉ាងជាក់ស្តែង” លើបទឈប់បាញ់ ដែលបានឈានដល់រវាងប្រទេស ទាំងពីរកាលពីខែមុន បន្ទាប់ពីការវាយប្រហារ ដោយយោធារបស់សហរដ្ឋអាមេរិក នៅភាគខាងត្បូងអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍របស់ក្រសួងនេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានអះអាងថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារ ទីតាំងបាញ់មីស៊ីល និងទូកដាក់មីននៅភាគខាងត្បូងអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ។
ក្រសួងបានឧ្យដឹងថា ការរំលោភលើបទឈប់បាញ់ដែលបានប្រព្រឹត្តនៅក្នុងខេត្ត Hormozgan របស់អ៊ីរ៉ង់ ក្នុងរយៈពេល ៤៨ម៉ោងកន្លងមក ស្របពេលជាមួយនឹងដំណើរការការទូត ដែលសម្របសម្រួលដោយប៉ាគីស្ថានរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានបង្ហាញជាថ្មីម្តងទៀតអំពី “ភាពឃោរឃៅ និងការមិនប្តេជ្ញាចិត្ត ចំពោះការសន្យារបស់ខ្លួន” របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍បានបន្ថែមថា សកម្មភាព របស់សហរដ្ឋអាមេរិក ក៏បានបង្ហាញផងដែរថា ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅរបស់អ៊ីរ៉ង់ ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក គឺផ្អែកលើតក្កវិជ្ជា និងការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីធម្មជាតិ និងអាកប្បកិរិយា “ឧក្រិដ្ឋ និងប្រមាថ” របស់ខ្លួន ចំពោះប្រជាជនអ៊ីរ៉ង់។
ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសសកម្មភាព “ឈ្លានពាន” នេះ ហើយបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាក៕
