ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់អាមេរិក ថា កម្ពុជា បន្តអនុវត្តជាប្រចាំ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រហូតដល់មានការបោស សម្អាតក្រុមឧក្រិដ្ឋជនទាំងនេះឱ្យអស់ពីកម្ពុជា ។

ការថ្លែងប្រាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកា អនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកអនុរដ្ឋមន្ត្រីការបរទេស បានសម្ដែងនូវក្ដីសោមនស្សរីករាយ ចំពោះវឌ្ឍនភាព នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាពច្រើនថែមទៀត ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគីឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅ។
លោកអនុរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវ «កិច្ចព្រមព្រៀងបើកចំហជើងមេឃ» ជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលនឹងជួយលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ជាមួយគ្នានេះ, លោក បានសម្ដែងនូវការពេញចិត្តចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលដល់បណ្ដាក្រុមហ៊ុនវិនិយោគរបស់អាមេរិក ក្នុងការបោះទុន និងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដែលការណ៍នេះបានរួមចំណែកយ៉ាង សំខាន់ដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ, លោកអនុរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាគឺជាប្រទេស ដែលមានសក្តានុពលខ្លាំង ខាងវិស័យទេសចរណ៍ ដោយសារកម្ពុជាមានវប្បធម៌ដ៏សម្បូរបែប និងល្បីល្បាញលើសកលលោក។
ជាការឆ្លើយតប, សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីរីករាយ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងលទ្ធផលល្អប្រសើរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានបញ្ជាក់ថា កម្ពុជានឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ទន្ទឹមនឹងនេះ, សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនឯកឧត្តមអនុរដ្ឋមន្ត្រី អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងធានាដល់ភាពជោគជ័យរបស់វិស័យឯកជន ក៏ដូចជាក្រុមហ៊ុនបរទេសដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងខិតខំអភិវឌ្ឍ លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទិក តាមរយៈការពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងកំពុងកសាងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ មានគោលដៅបង្កើនប្រសិទ្ធភាពដឹកជញ្ជូនរបស់កម្ពុជា, បង្កើនភាពប្រកួតប្រជែងកម្ពុជា, បង្កើតការងារ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
សម្ដេចធិបតី និងលោកអនុរដ្ឋមន្ត្រី ក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ សម្ដេចធិបតី បានគូសបញ្ជាក់ពីវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងកិច្ចសហការជាមួយបណ្តាប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា «វិធានការនេះនឹង ត្រូវបន្តអនុវត្តជាប្រចាំ រហូតដល់មានការបោសសម្អាត ក្រុមឧក្រិដ្ឋជនទាំងនេះឱ្យអស់ពីកម្ពុជា»។ លោកអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវិធានការ ដ៏ម៉ឺងម៉ាត់របស់កម្ពុជា៕
