ព័ត៌មានអន្តរជាតិ

សិក្សាឈ្វេងយល់ពីបទពិសោធន៍ កាត់បន្ថយភាពក្រីក្ររបស់ចិន និងយុទ្ធសាស្ត្រស្តារជនបទ ក្នុងយុគសម័យថ្មី

ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងណាននីង ភូមិភាគស្វយ័តក្វាងស៊ី ប្រទេសចិន សិក្ខាកាមដែលជាគណៈប្រតិភូសង្គមស៊ីវិលចំនួន ២៥ស្ថាប័ន មកពីព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល (CSAF) បានចូលរួមវគ្គសិក្សា និង ផ្លាស់ប្តូរបទពិសោធន៍ស្តីពីទ្រឹស្តី និងការអនុវត្តជាក់ស្តែង នៃការកាត់បន្ថយភាពក្រីក្រនៅប្រទេសចិន ក្រោមការដឹកនាំ របស់បក្សកុម្មុយនិស្តចិន ។

វគ្គបណ្តុះបណ្តាលនេះផ្តោតលើប្រធានបទ «ឧត្តមគតិដើមរយៈពេល១០០ឆ្នាំ៖ ប្រវត្តិ និងដំណើរអភិវឌ្ឍន៍នៃការកាត់បន្ថយភាពក្រីក្រនៅប្រទេសចិន ព្រមទាំងការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី» ដែលត្រូវបានធ្វើបទអន្តរាគមន៍ដោយ លោកសាស្ត្រាចារ្យ Deng Miaohong សមាជិកក្រុមអ្នកដឹកនាំនៃនាយកដ្ឋាន កសិកម្ម និងកិច្ចការជនបទនៃភូមិភាគស្វយ័តក្វាងស៊ីជួង និងជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ គម្រោងដែលផ្តល់មូលនិធិដោយបរទេស សម្រាប់ការស្តារជនបទនៃភូមិភាគស្វយ័តក្វាងស៊ី។

ក្នុងបទបង្ហាញ លោកសាស្ត្រាចារ្យ Deng Miaohong បានបកស្រាយយ៉ាងស៊ីជម្រៅអំពីដំណើរវិវត្តន៍ នៃគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់ប្រទេសចិន តាំងពីដំណាក់កាលដំបូង នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន រហូតដល់ការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ ដោយផ្តោតគោលដៅច្បាស់លាស់ (Targeted Poverty Alleviation) ដែលបានជួយឱ្យប្រទេសចិនសម្រេចបានជោគជ័យ ជាប្រវត្តិសាស្ត្រក្នុងការលុបបំបាត់ភាពក្រីក្រដាច់ខាត។ លោកក៏បានលើកឡើងពីការបន្តអនុវត្តយុទ្ធសាស្ត្រស្តារជនបទ (Rural Revitalization Strategy) ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ។

ជាពិសេស សិក្ខាកាមកម្ពុជា បានស្វែងយល់អំពីតួនាទីដ៏សំខាន់នៃអភិបាលកិច្ច ការធ្វើផែនការយុទ្ធសាស្ត្ររយៈពេលវែង ការចូលរួមរបស់មូលដ្ឋាន និងការប្រើប្រាស់ទិន្នន័យ ក្នុងការ កំណត់គោលដៅអភិវឌ្ឍន៍ ដែលជាកត្តាចម្បងនាំឱ្យប្រទេសចិន ទទួលបានសមិទ្ធផល គួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយភាពក្រីក្រ។

បរិយាកាសនៃវគ្គសិក្សាបានប្រព្រឹត្ត ទៅយ៉ាងសកម្ម និងមានការចូលរួមយ៉ាងផុលផុសពីសិក្ខាកាម។ ក្នុងអំឡុងពេលបទបង្ហាញ សិក្ខាកាមជាច្រើនបានលើកឡើង នូវសំណួរ និងទស្សនៈផ្សេងៗ ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ និងលទ្ធភាពនៃការដកស្រង់បទពិសោធន៍មួយចំនួនមកអនុវត្តសម្រាប់បរិបទកម្ពុជា។ ការពិភាក្សាបានប្រព្រឹត្តទៅក្នុងស្មារតីសិក្សារៀនសូត្រ និងផ្លាស់ប្តូរចំណេះដឹងទៅវិញទៅមកយ៉ាងរស់រវើក។

លោក ដួង វិរ័ត្ន​ បានផ្តល់សេចក្តីសន្និដ្ឋានក្នុងវគ្គសិក្សាពេញមួយថ្ងៃនេះថា​ វគ្គសិក្សាពេញមួយថ្ងៃនេះ មិនត្រឹមតែផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ និងតំណាងសង្គមស៊ីវិលកម្ពុជាបានស្វែងយល់អំពីទ្រឹស្តី និងបទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងការយល់ដឹងរួម និងការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃសហគមន៍វាសនារួមកម្ពុជា-ចិន ដែលកំពុងត្រូវបានជំរុញឱ្យកាន់តែស៊ីជម្រៅ និងមានខ្លឹមសារជាក់ស្តែង៕

To Top