ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ចំណាយលុយប្រចាំ ឆ្នាំលើកម្មវិធីនុយក្លេអ៊ែរ ច្រើនជាងប្រទេសណា ទាំងអស់បូកបញ្ចូលគ្នា

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការចំណាយរបស់សហរដ្ឋអាមេរិក លើកម្មវិធីនិងអាវុធនុយក្លេអ៊ែរ បានកើនឡើងជិតមួយភាគបួន ក្នុងឆ្នាំ២០២៥កន្លងមកនេះ បើធៀបនឹងឆ្នាំមុន។

នៅក្នុងរបាយការណ៍ ដែលបានចេញ ផ្សាយកាលពីថ្ងៃអង្គារ ម្សិលមិញអង្គភាពយុទ្ធនាការ អន្តរជាតិដើម្បីលុបបំបាត់ អាវុធនុយក្លេអ៊ែរ (ICAN) បាននិយាយថា រដ្ឋដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ទាំង៩របស់ពិភពលោក បានចំណាយប្រាក់ជិត១១៩ពាន់លានដុល្លារ លើឃ្លាំងអាវុធ របស់ពួកគេកាលពីឆ្នាំមុន ដែលស្មើនឹង៣៧៦៨ ដុល្លារក្នុងមួយវិនាទី។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅតែជាអ្នកចំណាយច្រើន ជាងគេបំផុត ដោយបានចាក់លុយចំនួនដល់ទៅ ៦៩,២ ពាន់លានដុល្លារទៅក្នុងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលច្រើនជាងប្រទេសទាំង៨ផ្សេងទៀតរួមបញ្ចូលគ្នា។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏បានកត់ត្រា ការកើនឡើងប្រចាំឆ្នាំដ៏ធំបំផុតផងដែរ ដោយការចំណាយកើនឡើង២២ភាគរយ ធៀបទៅនឹងឆ្នាំចាស់ ឬក្នុងទំហំប្រមាណជា១២,៤ ពាន់លានដុល្លារ។

ការចំណាយរួមគ្នារបស់សហរដ្ឋអាមេរិក រុស្ស៊ី ចិន ចក្រភពអង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើងបានកើនឡើង១៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ឬ ១៦,៨ពាន់លានដុល្លារ ដល់កម្រិតខ្ពស់បំផុត។

ក្នុងនោះគេសង្កេតឃើញថាប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ២ជាមួយនឹងការចំណាយ១៣,៥ ពាន់លានដុល្លារ ខណៈដែលចក្រភពអង់គ្លេសវ៉ាដាច់រុស្ស៊ី ជាអ្នកចំណាយច្រើន ជាងគេទីបីដោយចំណាយប្រមាណ ជា១២,៦ពាន់លានដុល្លារធៀបនឹង ៩,៥ពាន់លានដុល្លារ ដោយទីក្រុងម៉ូស្គូ៕

ប្រែសម្រួល៖ស៊ុនលី

To Top