តម្រូវការអាផាតមិន នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កំពុងថយចុះ ចំណែកតម្រូវការទិញផ្ទះ និងដីធ្លាក់ចុះដូចគ្នា
បរទេស៖ តម្រូវការអាផាតមិននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានធ្លាក់ចុះ ១៤% នៅក្នុងខែសីហា ខណៈដែលអត្រានៃការលក់ចេញ នៅទីផ្សារចម្បងមានត្រឹមតែប្រហែល ១១% ប៉ុណ្ណោះ ដែលបណ្តាលឱ្យតម្លៃនៅទីផ្សារបន្ទាប់បន្សំ (secondary market) សម្រាប់គម្រោងមួយចំនួនចាប់ផ្តើមមានការកែតម្រូវ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ថា ទិន្នន័យពីគេហទំព័រអចលនទ្រព្យ Batdongsan បង្ហាញថា នៅក្នុងខែសីហា តម្រូវការទិញផ្ទះ និងដីនៅទីក្រុងហូជីមិញបានធ្លាក់ចុះ ១៦% បើធៀបនឹងខែមុន។ ជាពិសេស តំបន់ដែលធ្លាប់មានសកម្មភាពខ្លាំងដូចជានៅ Binh Duong និង Ba Ria – Vung Tau បានកត់ត្រាការធ្លាក់ចុះ ១៨% និង ១៧% រៀងគ្នា។
អាផាតមិនគឺជាប្រភេទអចលនទ្រព្យដែលមានការធ្លាក់ចុះតម្រូវការខ្លាំងជាងគេគឺ ១៤% ដែលខ្ពស់ជាងដី និងផ្ទះល្វែង (townhouses) ដែលបានធ្លាក់ចុះ ១០% និង ១៣% រៀងគ្នា។ ចំនួននៃការដាក់លក់អាផាតមិនក៏បានធ្លាក់ចុះ ១៣% បើធៀបនឹងខែមុនផងដែរ។
ចំពោះគម្រោងមួយចំនួនដែលធ្លាប់មានការចាប់អារម្មណ៍ខ្លាំង បរិមាណនៃការស្វែងរកព័ត៌មានក៏បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ដែរ ដូចជាគម្រោង Sunrise Riverside (ធ្លាក់ចុះ ១១%) និង Victoria Village (ធ្លាក់ចុះ ៥%)។
ស្ថានភាពនេះឆ្លុះបញ្ចាំងផ្នែកខ្លះអំពីការថយចុះនៃតម្រូវការអាផាតមិន បន្ទាប់ពីរយៈពេលនៃការងើបឡើងវិញ ដោយសារអ្នកទិញកាន់តែមានការប្រុងប្រយ័ត្នចំពោះតម្លៃខ្ពស់ និងការចំណាយលើការខ្ចីប្រាក់ដែលនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់។
ប្រែសម្រួលៈ ណៃ តុលា
