នីតិវិធីសម្ងាត់របស់កងទ័ព អាកាសអ៊ីស្រាអែល សម្រាប់ដោះស្រាយករណី យន្តហោះត្រូវបានគេប្លន់
បេទេស៖ យោងតាមនីតិវិធីសម្ងាត់របស់អ៊ីស្រាអែល បានឱ្យដឹងថា យន្តហោះចម្បាំងគឺអាចបាញ់ទម្លាក់យន្តហោះស៊ីវិលបាន ប្រសិនបើគេរកឃើញថា យន្តហោះនោះស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកចាប់ជំរិត ហើយការចរចាមិនអាចធ្វើទៅរួច។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ថា ជើងហោះហើរ FZ1073 របស់ក្រុមហ៊ុន Flydubai ដែលមានមូលដ្ឋាននៅអារ៉ាប់រួម (UAE) បានបើកដំណើរការកូដសញ្ញាឆ្លើយតប (transponder codes) លេខ 7700 និង 7500 នៅថ្ងៃទី ៣០ ខែកញ្ញា ខណៈកំពុងហោះហើរពីទីក្រុងឌូបៃទៅកាន់ទីក្រុងតេលអាវីវ ប្រទេសអ៊ីស្រាអែល។ កូដទាំងនេះត្រូវបានប្រើប្រាស់ក្នុងករណីមានអាសន្នលើអាកាស និងករណីប៉ុនប៉ងចាប់ជំរិតយន្តហោះ។
បន្ទាប់មក យន្តហោះនោះបានឡើង និង ចុះកម្ពស់ហោះហើរយ៉ាងគំហុក និងម្តងហើយម្តងទៀត ដោយមិនអាចរក្សាកម្ពស់ហោះហើរ ឱ្យមានស្ថិរភាពបានឡើយ ។ អាជ្ញាធរអ៊ីស្រាអែលមិនអាចទាក់ទងយន្តហោះនោះ បានទេក្នុងអំឡុងពេលកើតហេតុ។ កងទ័ពអាកាសអ៊ីស្រាអែល (IAF) បានបញ្ជូនយន្តហោះចម្បាំងទៅតាមដានយន្តហោះនោះ ដោយមានការព្រួយបារម្ភថាវាអាចត្រូវបានគេចាប់ជំរិត។
ក្រោយមក ការទំនាក់ទំនងត្រូវបានភ្ជាប់ឡើងវិញ ហើយយន្តហោះបានចុះចតជាបន្ទាន់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ហេតុការណ៍នេះបានកើតឡើងដោយសារតែអ្នកបើកបរជំនួយ (co-pilot) បានវាយប្រហារប្រធានក្រុមអ្នកបើកបរ (captain) និងប៉ុនប៉ងធ្វើឱ្យយន្តហោះធ្លាក់ ប៉ុន្តែប្រធានក្រុមអ្នកបើកបរបានតស៊ូប្រឆាំងវិញ និងទទួលបានជំនួយពីអ្នកដំណើរ។
កងទ័ពអាកាសអ៊ីស្រាអែល (IAF) បានអនុវត្តតាមនីតិវិធីសម្ងាត់មួយសម្រាប់ការឆ្លើយតបទៅនឹងការប្លន់យន្តហោះស៊ីវិល ដែលជានីតិវិធីមួយដែលខ្លួន និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Shin Bet និង Mossad បានហ្វឹកហាត់អនុវត្តអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។ នីតិវិធីនេះអាចត្រូវបានដាក់ឱ្យដំណើរការ នៅពេលដែលយន្តហោះគួរឱ្យសង្ស័យមួយនៅមានចម្ងាយ ២.០០០ គីឡូម៉ែត្រពីទឹកដីអ៊ីស្រាអែល។
ប្រែសម្រួលៈ ណៃ តុលា
