បរទេស៖ មួយថ្ងៃបន្ទាប់ពីបានសម្រេចលើកលែងទណ្ឌកម្ម និងពន្ធគយដែលពាក់ព័ន្ធ នឹងការនាំចេញរបស់រុស្ស៊ី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃសៅរ៍ថា លោកនៅមិនទាន់ប្រកាសការ សម្រេចចិត្តចុងក្រោយលើបញ្ហានេះនៅឡើយទេ ខណៈដែលរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានលើកឡើងថា មន្ត្រីនានាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីវាយតម្លៃស្ថានការណ៍។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ថា លោក រូប៊ីអូ បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតី នឹងចំណាយពេលរហូតដល់ ៦០ ថ្ងៃ ដើម្បីវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច នៃទណ្ឌកម្ម និងពន្ធគយពាក់ព័ន្ធនឹងរុស្ស៊ី ដែលលោកបានសម្រេចលើកលែងកាលពីមួយថ្ងៃមុននោះ។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាន នៅឯក្លឹប Mar-a-Lago របស់លោកក្នុងតំបន់ Palm Beach រដ្ឋ Florida ថា៖ «អ្នករាល់គ្នាជាច្រើនមិនទាន់ដឹងថា ការសម្រេចចិត្តរបស់ខ្ញុំជាអ្វីនៅឡើយទេ ប៉ុន្តែយើងនឹងរកដំណោះស្រាយ ហើយអ្នកទាំងអស់គ្នាក៏នឹងបានដឹងពីដំណោះស្រាយនោះដែរ»។
ការសម្រេចលើកលែងនេះធ្វើឡើងនៅប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកា ខណៈដែលលោក ត្រាំ កំពុងប្រឈមនឹងសម្ពាធជុំវិញតម្លៃថាមពលខ្ពស់ ស្របពេលដែលជម្លោះជាមួយអ៊ីរ៉ង់បានបង្កការរំខានដល់ការផ្គត់ផ្គង់ប្រេងសកល។
ប្រែសម្រួលៈ ណៃ តុលា
