តុលាការវៀតណាម បង្គាប់ឃាត់កប៉ាល់ដឹកដែក Aquacharm របស់អូស្ត្រាលី ទំងន់ ១៧ ម៉ឺនតោនរយៈពេល ៣០ ថ្ងៃ ក្រោយបើកបុកផែដែកថែប Hoa Phat
វៀតណាម ៖ តុលាការប្រជាជនក្នុងតំបន់ភាគកណ្តាល នៃប្រទេសវៀតណាម បានចេញដីកាបង្គាប់ឱ្យឃាត់ទុកកប៉ាល់ ដឹកទំនិញធុនធំមួយគ្រឿងដែលពាក់ទង់ជាតិកោះម៉ាសាល់ (Marshall Islands) និងផ្ទុករ៉ែដែកជាង ១៧០.០០០ តោន រយៈពេល ៣០ ថ្ងៃ បន្ទាប់ពីកប៉ាល់នេះបានបើកបុកស្ពានផែ នៅក្នុងកំពង់ផែឧស្សាហកម្មយុងក្វាត (Dung Quat) របស់ក្រុមហ៊ុនផលិតដែកថែបឈានមុខគេ Hoa Phat នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន VN Express ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន VN Express ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
អាជ្ញាធរកំពង់ផែផ្លូវសមុទ្រខេត្តក្វាងង៉ាយ បានប្រកាសកាលពីថ្ងៃទី ២២ តុលា ថា ខ្លួនកំពុងអនុវត្តដីកាឃាត់ទុកកប៉ាល់ដឹកទំនិញយក្សឈ្មោះ Aquacharm តាមសេចក្តីសម្រេចរបស់សាលាដំបូងប្រជាជនតំបន់លេខ ២ ខេត្តក្វាងង៉ាយ ដើម្បីដោះស្រាយវិវាទសំណងរដ្ឋប្បវេណី។
កប៉ាល់ដឹកទំនិញធុនធំប្រវែង ២៩២ ម៉ែត្រនេះ បានធ្វើដំណើរមកដល់កំពង់ផែ Dung Quat កាលពីថ្ងៃទី ១៤ តុលា ដោយដឹកជញ្ជូនរ៉ែដែកទម្ងន់ ១៧០.៥៨៦ តោន ចេញពីកំពង់ផែ Port Hedland ក្នុងប្រទេសអូស្ត្រាលី ព្រមទាំងមាននាវិកសរុបចំនួន ២២ នាក់ ដែលមានសញ្ជាតិហ្វីលីពីន កូរ៉េខាងត្បូង និងជប៉ុន។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃទី ១៨ តុលា អំឡុងពេលដែលអ្នកបើកបរនាំផ្លូវនាវា (Maritime pilot) និងទូកអូសសណ្តោងចំនួន ៣ គ្រឿង កំពុងព្យាយាមនាំកប៉ាល់ចូលចតនៅចំណតលេខ ១០ ស្រាប់តែកប៉ាល់បានជ្រុលទៅបុកស្ពានផែផ្ទាល់របស់ក្រុមហ៊ុន Hoa Phat Dung Quat។
ទោះបីជាហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សរងរបួស ឬមានការលេចធ្លាយប្រេងទៅក្នុងដែនទឹកក៏ដោយ ប៉ុន្តែការប៉ះទង្គិចយ៉ាងខ្លាំងក្លាបានធ្វើឱ្យធ្លុះរហែកក្បាលកប៉ាល់ប្រវែងប្រមាណ ៥ ម៉ែត្រ និងខូចខាតតួសងខាងរបស់កប៉ាល់។ ចំណែកឯសំណង់ស្ពានផែក៏រងការខូចខាតគួរឱ្យកត់សម្គាល់ផងដែរ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការវាយតម្លៃទំហំការខូចខាតជាផ្លូវការពីអ្នកជំនាញ។
ព័ត៌មានបឋមទទួលបានពីតំណាងភ្នាក់ងារកប៉ាល់ និងប្រធានក្រុមនាវិក បានបង្ហាញថា ឧប្បត្តិហេតុនេះអាចបណ្តាលមកពីអ្នកបើកបរនាំផ្លូវនាវាបាត់បង់ការគ្រប់គ្រងល្បឿនកប៉ាល់ ដោយសារតែការយល់ច្រឡំ ឬកំហុសក្នុងការប្រាស្រ័យទាក់ទងគ្នា ទោះបីជាល្បឿនត្រូវបានរាយការណ៍ជាច្រើនលើកក៏ដោយ។ យ៉ាងណាមិញ អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេតដើម្បីកំណត់មូលហេតុពិតប្រាកដ។
លោក Le Van Luong នាយកអាជ្ញាធរកំពង់ផែផ្លូវសមុទ្រខេត្តក្វាងង៉ាយ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការឃាត់ទុកនេះ កប៉ាល់ Aquacharm មិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីដែនទឹកកំពង់ផែដែលស្ថិតក្រោមការគ្រប់គ្រងឡើយ ហើយត្រូវរក្សាកម្លាំងនាវិកពេញលេញនៅលើកប៉ាល់ដើម្បីប្រចាំការតាមដានសុវត្ថិភាព។
យោងតាមក្រមច្បាប់ដែនសមុទ្ររបស់ប្រទេសវៀតណាម តុលាការមានសិទ្ធិចេញដីកាឃាត់ទុកកប៉ាល់ដើម្បីធានាបណ្តឹងទាមទារសំណង អនុវត្តសាលក្រមរដ្ឋប្បវេណី ឬផ្តល់ជំនួយផ្នែកតុលាការ។ បើគ្មានដីកាពីតុលាការទេ អាជ្ញាធរកំពង់ផែអាចឃាត់កប៉ាល់ទុកបានត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះក្រោយគ្រោះថ្នាក់ ឬពន្យារពេលដល់ ១០ ថ្ងៃ ប្រសិនបើមានការអនុញ្ញាតពីស្ថាប័នគ្រប់គ្រងផ្លូវសមុទ្រថ្នាក់ជាតិ។
ក្រុមហ៊ុន Hoa Phat ដែលជាក្រុមហ៊ុនផលិតដែកថែបធំជាងគេនៅវៀតណាម និងជាភាគីរងគ្រោះ បានដាក់ពាក្យបណ្តឹងស្នើសុំឱ្យមានការឃាត់ទុកកប៉ាល់នេះជាបន្ទាន់ ដោយបានតម្កល់ប្រាក់កក់ និងបង់ថ្លៃសេវាឃាត់ទុកទៅកាន់តុលាការជាមុនចំនួនជាង ២ ពាន់លានដុង (ប្រមាណ ៧៧.០០០ ដុល្លារអាមេរិក)៕
ប្រែសម្រួល៖ គីរី
