ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយថវិកា ជាង៨ពាន់លានដុល្លារ សម្រាប់គ្រប់គ្រងរដ្ឋឆ្នាំ២០២០

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិកា ចំនួន៣៣,៣៣៩,៦៣៣លានរៀល ស្មើនឹង ប្រមាណជា ៨២២៣លានដុល្លារ សម្រាប់ការគ្រប់គ្រងរដ្ឋ ក្នុងឆ្នាំ២០២០ ដែលចំនួននេះ មានការកើនឡើង ២២.៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា “ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២៥ តុលា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុម័ត សេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលរាជរដ្ឋាភិបាល គ្រោងនឹងចំណាយថវិកា ចំនួន៣៣,៣៣៩,៦៣៣លានរៀល ស្មើនឹងប្រមាណ៨២២៣លានដុល្លារអាមេរិក សម្រាប់ការគ្រប់គ្រងរដ្ឋ” ។

ជាងនេះទៅទៀត រាជរដ្ឋាភិបាល បានឲ្យដឹងថា ថវិកាឆ្នាំ២០២០ ត្រូវបានរៀបចំឡើងតាមគោលនយោបាយ វិត្ថារកម្មថវិកា ផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើមនុស្ស និងការកែម្រង់រចនាសម្ព័ន្ធដែលមានអភិបាលកិច្ចជាស្នូល ហើយអាចប្រសិទ្ធនាមថា ជាថវិកាយុទ្ធសាស្ត្រនៃការផ្គួបកម្លាំងសរុប ដើម្បីទប់ទល់នឹងបញ្ហាប្រឈម និងហានីភ័យទាំងក្នុង និងក្រៅប្រទេស។

ការទប់ទល់នេះ គឺតាមរយៈការពង្រឹងសមត្ថភាពផ្ទៃក្នុង ដោយជំរុញឲ្យបានខ្លាំងក្លានូវការកែម្រង់ស៊ីជម្រៅ និងមុតស្រួច ដើម្បីធានាសុខសន្តិភាព ស្ថេរភាព និងចីរភាពនៃកំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់សុខមាលភាពជូនប្រជាជន លើមាគ៌ាឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ក៏បានពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ដែលបើតាមសេចក្ដីព្រាង ថវិកាឆ្នាំ២០១៨ ពិតជាសម្រេចបានតាមការប្រសិទ្ធនាមថា ជាថវិកាយុទ្ធសាស្ត្រនៃការពូនផ្ដុំកម្លាំង និងធនធានជាអតិបរមា។

យុទ្ធសាស្ត្រនេះ គឺដើម្បីសម្រេចឲ្យខាងតែបាននូវគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា និងនៅក្នុងពេលដែលសភាពការតំបន់ និងពិភពលោកកាន់តែមានភាពស្មុគស្មាញ សំដៅបន្តរក្សាសន្តិភាព ស្ថេរភាព និងការទ្រទ្រង់ដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជា៕ដោយ៖ អេង ប៊ូឆេង

To Top