ព័ត៌មានជាតិ

ប្រគល់ផ្ទះ១ខ្នង ជូនប្រជាពលរដ្ឋ ​រស់នៅក្រោមស្ពានកៀនជ្រៃ

កំពង់ចាម៖ ក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សុខុន និងអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ ​ប្រគល់ផ្ទះមួយខ្នងជូនប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅក្រោមស្ពានកៀនជ្រៃ និងពិនិត្យស្ថានភាពការសាងសង់ ស្ពានបណ្ដោះអាសន្ន ឲ្យប្រជាពលរដ្ឋឆ្លងកាត់ បន្ទាប់ពីស្ពានគៀនជ្រៃ ត្រូវរុះរើចេញសាងសង់ថ្មី ស្ថិតនៅភូមិកៀនជ្រៃក្រៅ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្រោយពីស្ពានថ្ម គៀនជ្រៃ មានសភាពចាស់ទ្រុឌទ្រោម អាជ្ញាធរខេត្តកំពង់ចាម បានមើលឃើញគ្រួសារមួយដែលមានជីវភាពក្រីក្រ ហើយរស់នៅក្រោមស្ពានគៀនជ្រៃជាលំនៅឋាន ។ ឃើញដូច្នោះទើបខាងអាជ្ញាធរខេត្ត បានធ្វើការសម្របសម្រួលខ្ចីដីចៅអធិការវត្តកៀនជ្រៃក្រៅ ដែលមានលោក វ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង លោកស្រី បានចំណាយថវិកា រៀបចំសាងសង់លំនៅដ្ឋានជូនពួកគាត់ មុនពេលដែលក្រុមមន្ត្រីជំនាញ ធ្វើការវាយកំទេចស្ពានថ្មនោះចោល ដើម្បីសាងសង់ស្ពានថ្មី ។

រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សុខុន បានថ្លែងឱ្យដឹងដែរថា ផ្ទះសប្បុរសធម៌មួយខ្នងនេះ ជាផ្ទះលើកទី៨ ហើយ ដែលក្រុមការងារ បានសាងសង់ជូនប្រជាពល​រដ្ឋក្រីក្រ នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមនាថ្ងៃនេះ ។

ជាមួយគ្នានោះលោករដ្ឋមន្ត្រី ក៏បានថ្លែង អំណរគុណ ដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង ធ្វើការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ។ ហើយកិច្ចការនេះ លោករំពឹងថា នឹងបន្តធ្វើជាបន្តបន្ទាប់ ដើម្បីជួយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផ្សេងៗទៀត ដែលជួបប្រទះនូវផលលំបាកមានជីវភាពក្រីក្រ។

ក្នុងឱកាសនោះដែរលោករដ្ឋមន្ត្រី ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រ ធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលលោកទាំងពីរតែងតែ នឹករលឹក និងគិតគូរដល់បងប្អូនប្រជាពល រដ្ឋគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសនៅខេត្តកំពង់ចាមនេះ គឺជាខេត្តមួយដែលឧស្សាហ៍ រងគ្រោះដោយទឹកជំនន់ ហើយប្រការនេះសម្ដេចទាំងពីរ តែងតែបានបញ្ជូ ន គ្រឿងឧបភោគបរិភោគ នឹងសម្ភារៈផ្សេងទៀតសម្រាប់ផ្គត់ផ្គង់ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ជាពិសេសអង្ករ សម្រា ប់ចែកជូនដល់ប្រជាពលរដ្ឋ យើងដែលជួបប្រទះគ្រោះធម្មជាតិនោះផងដែរ ៕

To Top