ព័ត៌មានជាតិ

តួនាទីអ្នកសារព័ត៌មាន មានសារៈសំខាន់ ជួយជំរុញដល់ការកើនឡើង ពាណិជ្ជកម្ម ចិន-កម្ពុជា

ក្វាងទុង៖ លោក Deng Hong អនុប្រធានការិយាល័យព័ត៌មានប្រចាំខេត្តក្វាងទុង ក្នុងឱកាសទទួលស្វាគមន៍ អាហារពេលល្ងាច នៃដំណើរទសន្សកិច្ច របស់អ្នកកាសែតកម្ពុជា មកពីស្ថាប័នផ្សេងគ្នា ដឹកនាំដោយលោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិកា ក្រសួងព័ត៌មាន បានចាត់ទុកថា តួនាទីរបស់អ្នកសារព័ត៌មាន មានសារៈសំខាន់ ក្នុងការផ្សព្វផ្សាយ ជំរុញដល់ការកើនឡើង នូវទំហំពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងខេត្តក្វាងទុង ។ 

ក្នុងជំនួបស្វាគមន៍ ការអញ្ជើញដល់ របស់គណៈប្រតិភូកម្ពុជា អ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក Deng Hong បានមានប្រសាសន៍ថា “ខេត្តក្វាងទុង គឺជាខេត្តមួយ ដែលមានសេដ្ឋកិច្ចដ៏ខ្លាំងក្លា ដូច្នេះហើយ ការិយាល័យព័ត៌មានខេត្តក្វាងទុង ដើរតួនាទីយ៉ាងសំខាន់ ដើម្បីពង្រឹង លើកិច្ចសហការ ជាមួយដៃគូសហប្រតិបត្តិការ” ។ 

លោក Deng Hong បានបន្តថា “តាមការអង្កេតឃើញរបស់ខ្ញុំ ពាណិជ្ជកម្ម រវាង ក្វាងទុង និងកម្ពុជា មានការកើនឡើងជាង ៣០% ។ ការកើនឡើងដ៏ខ្លាំងក្លានេះ តួនាទីរបស់អ្នកសារព័ត៌មាន គឺមានសារៈសំខាន់ សំរាប់ការផ្សព្វផ្សាយ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មរវាង កម្ពុជា និងខេត្តក្វាងទុង ។ 

ក្នុងនោះដែរ អនុប្រធានការិយាល័យ ព័ត៌មានប្រចាំខេត្តក្វាងទុង សង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ច របស់ក្រុមអ្នកសារព័ត៌មាន កម្ពុជា នាឱកាសនេះ នឹងជួយផ្សព្វផ្សាយ និងជំរុញដល់កិច្ចសហការបន្ថែមទៀត រវាងខេត្តក្វាងទុង និងប្រទេសកម្ពុជា ។ 

នាឱកាសនេះដែរ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិកា ក្រសួងព័ត៌មាន ជំនួសមុខអោយអ្នកសារព័ត៌មានទាំងអស់ ក៏បានថ្លែងអំណរគុណ ចំពោះការអញ្ជើញ និងបើកអោយមានឱកាស បានទស្សនកិច្ច នៅតំបន់សំខាន់ៗ នៃខេត្តក្វាងទុង និងអាចធ្វើអោយប្រជាជនកម្ពុជា បានស្គាល់បន្ថែម នូវកិច្ចអភិវឌ្ឍ របស់ខេត្តក្វាងទុង ។

គួរអោយដឹងដែរថា បើតាមរបាយការណ៍របស់ការិយាល័យ ព័ត៌មានខេត្តក្វាងទុង នៅក្នុងឆ្នាំ ២០១៨ ពាណិជ្ជកម្ម នាំចូលនិងនាំចេញ រវាងខេត្តក្វាងទុង និងកម្ពុជា មានចំនួនសរុប ១,៦៦ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរង្វង់ ២៦,២% ស្មើនឹង ២២,៥% នៃបរិមាណនាំចូល និងនាំចេញសរុបរបស់ចិនន និងកម្ពុជាក្នុងរយៈពេលដូចគ្នា៕

ដោយ៖ ដារាត់

To Top