ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ដែលសម្ដេចតេជោ ហ៊ុន សែន បង្ហោះនៅលេីបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី១១ វិច្ឆិកានេះថា ទិដ្ឋភាពនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២ !
ថ្ងៃនេះជាថ្ងៃទី២ហើយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩។ បងប្អូនប្រជាពលរដ្ឋនៅតែបន្តមកលេងកម្សាន្តក្នុងព្រះរាជពិធីនេះជាបន្តបន្ទាប់។
ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង ដែលជាកន្លែងប្រណាំងទូក និងនៅតាមស្តង់តាំងពិពណ័ទំនិញផលិតផល គឺត្រូវបានរៀបចំយ៉ាងគួរជាទីទាក់ទាញ។
ចំណែកបងប្អូនកងកម្លាំងមានសមត្ថកិច្ច ផ្នែកសុខាភិបាល សង្គ្រោះបន្ទាន់ គឺបាននិងកំពុងតែឈរជេីងនៅតាមគោលដៅនីមួយៗ ដេីម្បីត្រៀមការពារ រៀបចំសណ្ដាប់ធ្នាប់ ក៏ដូចជាការសង្គ្រោះបន្ទាន់ ដេីម្បីអោយបងប្អូនប្រជាពលរដ្ឋ ទទួលបានភាពរីករាយ ជាពិសេសនៅរាត្រីទី២ នៃព្រះរាជពិធីបុណ្យអុំទូកនេះ នឹងមានពិធីសំពះព្រះខែ និងអកអំបុកផងដែរ ដែលបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកកម្សាន្ត ដោយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ។
អរគុណដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា៕






