ព័ត៌មានជាតិ

សម្ដេចតេជោ អញ្ជើញដង្ហែព្រះមហាក្សត្រ ពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃច័ន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ បន្ទាប់ពីបានដុតភ្លើងជ័យចំនួន៣ថ្ងៃមកហើយ ដើម្បីរម្លឹកខួបលើកទី៦៦ឆ្នាំ នៃបុណ្យឯករាជ្យជាតិ(៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០១៩)។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចតេជោ បានសរសេរថា ព្រះរាជពិធីនេះ មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជរដ្ឋាភិបាល មន្រ្តីរាជការ យុវជន យុវតី សិស្សានុសិស្ស និងមហាជនជាច្រើនទៀតផងដែរ។

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​ វិច្ឆិកា បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​យកិច្ច​ ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​៕

To Top