ព័ត៌មានជាតិ

ការរីកចម្រើន លើគ្រប់វិស័យរបស់ចិន ត្រូវបានកត់ត្រាថា មានការរួមចំណែកយ៉ាងខ្លាំងក្លា ពីសំណាក់អនិកជន រស់នៅបរទេស

ក្វាងចូវ៖ ក្នុងដំណើរទស្សនកិច្ច របស់ក្រុមអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន មកពីស្ថាប័នផ្សេងៗគ្នា តបតាមការអញ្ជើញ របស់ស្ថានទូតចិនប្រចាំកម្ពុជា មកកាន់ខេត្តក្វាងទុងប្រទេសចិន បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុត ដែលក្នុងដំណើរទស្សនកិច្ចនេះ បានបង្ហាញថា ការរីកចម្រើន និងការអភិវឌ្ឍន៍ ស្ទើគ្រប់វិស័យរបស់ប្រទេសចិន ក៏មានការរួមចំណែកយ៉ាងខ្លាំងក្លា ពីប្រជាជនចិន ដែលចំណាក់ស្រុករស់នៅតាមបណ្តាលប្រទេសនានា ស្ទើតែទូទាំងសកលលោក ។

ក្រោយបាន ទៅទស្សនាទីតាំងសំខាន់ៗ ជាច្រើន នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ (ថ្ងៃទី២) ក្រុមអ្នកសារព័ត៌មានកម្ពុជា បានចាប់អារម្មណ៍ជាខ្លាំង ចំពោះប្រវត្តិសាស្ត្រ ដែលត្រូវបានកត់ត្រា ក្នុងសារមន្ទីរអនិកជនចិន រស់នៅក្រៅស្រុក ។

ក្នុងសារមន្ទីរនេះ បានប្រមូលផ្តុំនូវវត្ថុបុរាណ និងចង់ក្រង់ឯកសារ ពាក់ព័ន្ធនឹងប្រវត្តិសាស្រ្ត និងវប្បធម៌ ជនជាតិចិន ដែលជាការលើកកម្ពស់ស្មារតី ជនជាតិចិននៅបរទេស ដែលបានរួមចំណែកយ៉ាងខ្លាំងក្លា ដោយបានវិលត្រឡប់ មកជួយប្រទេសខ្លួនវិញតាមរយៈការកសាង និងបើកសហគ្រាស បង្កើតផលិតផលថ្មីៗជាច្រើន ក្រោយសម័យចប់សង្គ្រាម និងបូករួមទាំងអនិកជន ជនជាតិចិន រស់នៅកម្ពុជាផងដែរ ដែលមានការឧបត្ថម្ភស្បៀងអាហារ ក្នុងសម័យកលយុគ ដែលបង្ហាញពីការរួមចំណែក ជាប្រវត្តិសាស្ត្រក្នុងនោះក៏មានហុងកុង ម៉ាកាវ ដែលធ្វើឲ្យប្រទេសចិន មានការរីកចម្រើន ស្ទើគ្រប់វិស័យ មកទល់នឹង ពេលបច្ចុប្បន្ននេះ ។

ក្នុងឱកាសនោះ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា “យើងបានទស្សនា សារមន្ទីរ អនិកជនចិន បើតាមរូបបង្ហាញ នៅក្នុងសារមន្ទីរ បានឲ្យឃើញថា គេបានប្រមូលផ្តុំ នូវរាល់ឯកសារ ពាក់ព័ន្ធ នឹងជនជាតិចិន ដែលបានចាក់ចេញ ពីប្រទេសរបស់ខ្លួន ក្នុងអំឡុងពេលកើតកលយុគ កើតសង្គ្រាមជាដើម ទៅនៅក្រៅប្រទេស ។ មួយចំនួន ទៅនៅប៉ែកខាងអាស៊ីអាគ្នេយ៍ ក្នុងនោះ ក៏ទៅដល់ប្រទេសកម្ពុជាដែរ មួយចំនួនទៀត ទៅខាងអ៊ឺរ៉ុប និយាយជារួម ទៅស្ទើតែគ្រប់ផ្នែកទាំងអស់នៃពិភពលោក” ។

លោកបានបន្តថា “ប៉ុន្តែតាមការពន្យល់ របស់អ្នកជំនាញ នៃសារមន្ទីរ ក្រោយរដ្ឋាភិបាលចិន បានបង្កើត គោលនយោបាយបើកចំហក្នុងប្រមាណ ២ទស្សវត៍ចុងក្រោយនេះ ជនជាតិចិន ដែលរស់នៅក្រៅប្រទេស ហើយបានក្លាយជាជនជាតិ នៃប្រទេស តាមតំបន់គាត់រស់នៅនោះ អ្នកទាំងអស់នោះ ក្រោយបានមើលឃើញ គោនយោបាយបើកជំហរ របស់រដ្ឋាភិបាលខ្លួន (ប្រទេសចិន) បានវិលត្រឡប់ យកទ្រព្យសម្បត្តិ ដែលខ្លួនមាន យកមកវិនិយោគ លើផ្នែកផ្សេងៗស្ទើគ្រប់វិស័យ ដោយឡែកសម្រាប់ខេត្តក្វាងទុងឃើញថា គេមកវិនិយោគ វិស័យខាងបច្ចេកវិទ្យាជាច្រើន ដែលជម្រុញអោយខេត្តនេះ មានការរីកចម្រើន” ។

លោក អ៊ុក គឹម សេង បានបន្ថែមថា “និយាយជារួម ការចាប់អារម្មណ៍របស់យើង  ឃើញថា គោលនយោបាយបើកចំហរ របស់រដ្ឋាភិបាលចិន បានបើកឱកាសដ៏ល្អ សម្រាប់ជនជាតិចិន នៅបរទេស ដែលមិនមានសញ្ជាតិជនជាតិចិន ។ ការវិលត្រឡប់មកវិនិយោគនេះ បានជម្រុញ អោយប្រទេសចិន មានការរីកចម្រើន សព្វគ្រប់បែបយ៉ាង ទៅតាមខេត្តនីមួយៗ នៅក្នុងប្រទេសចិន” ។

ក្រោយពីបានទស្សនា សារមន្ទីរអនិកជនចិនរួចមក ក្រុមអ្នកសារព័ត៌មានកម្ពុជា បានបន្តដំណើរ ទៅផ្លូវមួយ ដែលមានអាយុកាល២២០០ឆ្នាំ ក្នុងរាជវង្សឈីង ដែលត្រូវបានគេដាក់ឈ្មោះថា ផ្លូវប៉េកាំង ។ នៅទីនោះ មានការអភិរក្សរក្សាទុកនូវរូបរាងដើមផ្លួវបុរាណមួយចំនួន បានយ៉ាងល្អ  ។ 

តាមការជាក់ស្តែង នៅតំបន់អមសងខាងផ្លូវ ត្រូវបានបង្កើតជាកន្លែងលក់ទំនិញ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានការដាក់បង្ហាញ និងលក់វត្ថុបុរាណ និងគ្រឿងបរិភោគ និងសម្លៀកបំពាក់ ជនជាតិភាគតិចរបស់ចិន ដែលភាគច្រើន គឺជាសម្លៀកបំពាក់ប៉ាក់អំពីសូត្រ ធ្វើដោយដៃ ជារបស់ប្រណីត មានតម្លៃថ្លៃ ជាប្រភេទសម្លៀកបំពាក់ រាជ្យវង្សជាដើម ។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការបង្ហាញ ឲ្យឃើញនូវប្រពៃណីចិន ចំពោះការចូលចិត្តបរិភោគទឹកតែ ជាមួយអាហារប្រចាំតំបន់ឬហៅថាអាហារសម្រន់ (ឌីមសាំ) ជំនួសឲ្យការញាំអាហារថ្ងៃត្រង់ (Lunch) ដែលជាប្រពៃណីដ៏ផូផង់មានជាយូរលង់ គួរឲ្យទាក់ទាញ បើទោះបីជាប្រទេសនេះ មានការីកចម្រើន ខ្លាំងក្លាយ៉ាងក៏ដោយ ក៏ត្រូវបានរក្សាបាននូវប្បធម៏មួយនេះបានយ៉ាងល្អ ។

បន្ទាប់ពីនោះ ក៏បានទៅទស្សនា នៅក្លឹបកម្សាន្តបែបឌីជីថលមួយកន្លែង ដែលជាកន្លែង ទទួលការទាក់ទាញ ពីសំណាក់ប្រជាជនចិនជាច្រើន ចូលលេងកម្សាន្ត ។ បើតាមអ្នកគ្រប់គ្រង់នៅទីនេះ បានឲ្យដឹងថា ការកម្សាន្តរបស់ យុវជនយុវនារីនៅកន្លែងនេះ មិនត្រឹមតែផ្តល់ នូវភាពសប្បាយរីករាយនោះទេ តែវាបានជួយជម្រុញដល់ ការអភិវឌ្ឍន៍ខួរក្បាល បង្កើនភាពឆ្លាសវៃ រហ័សរហួន ក្នុងការគិត ។មិនត្រឹមតែប៉ុណ្ណ តាមការបញ្ជាក់ពីអ្នកគ្រប់គ្រង់ បានឲ្យដឹងថា ល្បែងកម្សាន្តមួយចំនួន នៅទីកន្លែងនេះ ត្រូវបានបូកបញ្ចូល ក្នុងកម្មវិធីសិក្សា ដែលបានជម្រុញ ឲ្យសិស្សនិសិស្សចិន មានការភិវឌ្ឍន៍ខួរក្បាលបានលឿន ។

ជាមួយគ្នានេះដែរ យើងក៏បាន ទៅឧទ្យានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Huanghuagang គឺជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ របស់រដ្ឋ ដែលមានទីតាំងស្ថិតនៅក្នុងស្រុក Yuexiu ដែលជាទីក្រុងស្នូល នៃក្វាងចូវ។  

នៅក្នុងតំបន់រដ្ឋាភិបាល មានទំនាក់ទំនងប្រកបដោយសុខដុមរមនា ជាមួយប្រជាជន បានធ្វើអោយពាណិជ្ជកម្ម និងឧស្សាហកម្មសេវាកម្មទំនើប ត្រូវបានចាប់អារម្មណ៍ខ្ពស់។  ឧស្សាហកម្មនេះ បានឈ្នះពានរង្វាន់ ក្នុងមបម្រើសេវាកម្ម ក្នុងនិងក្រៅប្រទេស ប្រចាំអោយទីក្រុងក្វាងចូវ ។  ឧទ្យានឧស្សាហកម្ម ក៏មានផ្តោតលើឧស្សាហកម្មព័ត៌មាន និងជាមូលដ្ឋានអភិវឌ្ឍន៍ លើគំនូរជីវចលតាមអ៊ិនធឺរណែត៕ ដោយ៖ ដារាត់

To Top