នយោបាយ

សម្តេចតេជោថា ពិធីបុណ្យអុំទូក បញ្ចប់ដោយភាពជោគជ័យ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បានបញ្ចប់ទៅដោយជោគជ័យ ហើយថា បើគ្មានសន្តិភាព គ្មានអ្វីៗទាំងអស់ ។

សម្តេចតេជោ បានសរសេរលើបណ្តាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ បានបញ្ចប់ប្រកបដោយ បរិយាកាសសប្បាយរីករាយក្រៃលែង ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេស។ ទន្ទឹមនឹងនេះដែរ ប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរអន្តរជាតិ បានយល់កាន់តែច្បាស់ពីតម្លៃសន្តិភាព ក៏ដូចជាកេរ្តិ៍ដំណែល នៃទំនៀមទម្លាប់ប្រពៃណី ដ៏ល្អឯករបស់កម្ពុជា។

សម្តេចបានគូសបញ្ជាក់ថា “គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។ ខ្ញុំសូមអរគុណដល់សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមថែរក្សា ការពារសន្តិសុខសុវត្ថិភាពសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឲ្យមានឱកាសបានសប្បាយរីករាយ នៅទូទាំងប្រទេស” ៕
ដោយ៖ ស សំណាង

To Top