ព័ត៌មានជាតិ

៣ថ្ងៃបុណ្យអុំទូក ពលរដ្ឋជិត២ម៉ឺននាក់ មានបញ្ហាសុខភាព មកព្យាបាលជំងឺ តាមទីតាំង១២កន្លែង

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសក្រោយបញ្ចប់ ពិធីបុណ្យអុំទូកមួយថ្ងៃថា ក្នុងរយៈពេល៣ថ្ងៃ ប្រជាពលរដ្ឋ១៨០៨៩ នាក់ ដែលមានបញ្ហាសុខភាព បានមករកសេវាព្យាបាលជំងឺ នៅតាមតង់សុខភាពទាំង១២កន្លែង ។

សេចក្តីជូនព័ត៌មានក្រសួង សុខាភិបាល ពីថ្ងៃ១០-១២ វិច្ឆិកា បានឲ្យដឹងថា ចំនួនករណីពិនិត្យ និងព្យាបាលជំងឺពលរដ្ឋមាន ១៨០៨៩ នាក់ ក្នុងនោះស្រីចំនួន ៥២២០ នាក់ , បញ្ជូនទៅមន្ទីរពេទ្យជាតិ មានចំនួន៣៣នាក់ (ស្រី៦នាក់)) ។ ក្នុងនោះមានបញ្ហាសុខភាពដូចជា ផ្តាសាយ ហៀរសំបោរចំនួន ៤៧២១ នាក់ , គ្រុនក្តៅចំនួន ២២៧ នាក់ , វិចរុស និងរាកមួលចំនួន ២៤៧ នាក់ , អ្នកខ្យល់ចាប់ចំនួន ៣៧៦នាក់ , ឈឺកចំនួន ៣០១នាក់ , អ្នកចុកពោះចំនួន ២២៩៧ នាក់ , អ្នកដែលអស់កម្លាំង ចំនួន ២៣៣៧ នាក់ និងមានអាការៈរោគផ្សេងៗទៀតចំនួន ២៤៧១ នាក់ ។

ជារួមក្រុមគ្រូពេទ្យការពារសុខភាពទាំងអស់ បានជួយសង្គ្រោះបន្ទាន់ភ្លាមៗ ដល់ពលរដ្ឋមានបញ្ហា សុខភាពរហូតបានធូរស្បើយ ហើយពួកគាត់ ក៏បានបន្តការដើរលេងកំសាន្ត បន្តទៀតរហូតដល់ចប់ព្រះរាជពិធី ប្រកបដោយក្តីសប្បាយរីករាយ។

ក្នុង៣ថ្ងៃនេះ ក្រសួងបានរៀបចំ ដាក់ឲ្យមានក្រុមគ្រូពេទ្យការពារសុខភាព ផ្តល់សេវាពិនិត្យព្យាបាល នៅតាមទីតាំងចំនួន១២កន្លែង និងក្រុមរថយន្តគិលានសង្គ្រោះ ចំនួន៦៨គ្រឿង ដែលបានដាក់ឲ្យបម្រើការនៅតាមគោលដៅ កំណត់ ខណៈក្រុមគ្រូពេទ្យក្រុមគ្រូពេទ្យ សរុបទាំងអស់ ១០៧៦ នាក់៕

To Top