នយោបាយ

រដ្ឋមន្រ្តីមហាផ្ទៃ អះអាងថា កម្ពុជានឹងមិនវិលត្រឡប់ ជាន់ដានប្រវត្តិសាស្ត្រ ដ៏ខ្មៅងងឹតវិញឡើយ

ភ្នំពេញ ៖ បន្ទាប់ពីផែនការ រដ្ឋប្រហារផ្ដួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់កាលពីថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយទណ្ឌិត សម រង្ស៊ី បានទទួល បរាជ័យ យ៉ាងអាម៉ាស់ទាំងស្រុង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានលើកឡើងថា ប្រទេសកម្ពុជា ដែលបានឆ្លងកាត់ការ បែកបាក់ជាតិ ការព្រាត់ប្រាស់ សង្គ្រាមកាប់សម្លាប់ នឹងមិនវិលត្រឡប់ជាន់ដាន ប្រវត្តិសាស្ត្រ ដ៏ខ្មៅងងឹតនោះវិញឡើយ ។

សម្ដេចក្រឡាហោម ស ខេង បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣វិច្ឆិកានេះថា “បើទោះបីជានៅឆ្នាំនេះ ពិធីបុណ្យឯករាជ្យជាតិ និង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកបានប្រព្រឹត្ត នៅក្នុងបរិបទ ដែលមានក្រុមឧទ្ទាម បានប្រកាសពីផែនការ វិលចូលប្រទេស ដើម្បីបង្កបង្កើតភាពចលាចលឈាន ទៅធ្វើរដ្ឋប្រហារផ្ដួលរំលំ រាជរដ្ឋាភិបាលក៏ដោយ ក៏ព្រះរាជពិធីបុណ្យជាតិយើង បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ រក្សាបានល្អប្រសើរ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយពុំមានហេតុការណ៍ អាក្រក់ណាមួយ កើតឡើងឡើយ” ។

សម្ដេចបញ្ជាក់បន្ថែមថា ការចូលរួមសហការ ពីបងប្អូនជនរួមជាតិ និងការអនុវត្តភារកិច្ច របស់អាជ្ញាធរកងកម្លាំង មានសមត្ថកិច្ចដ៏ល្អប្រសើនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញនូវ សេចក្ដីគោរពប្រកបដោយភក្ដីភាពបំផុត របស់ប្រជាជាតិខ្មែរ យើងទាំងមូល ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធទាំងអស់ ដើម្បីការពារជាតិ សាសនាព្រះមហាក្សត្រ និងជាការបញ្ជាក់យ៉ាងច្បាស់ នូវមហាសាមគ្គីជាតិខ្មែរ ក្នុងការបដិសេធទាំងស្រុង ចំពោះចេតនាណាមួយ ដែលប៉ុនប៉ងរំលាយរបបរាជានិយម ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល និងបំផ្លាញ សន្តិភាព សុខដុមរមនា និងការអភិវឌ្ឍន៍ របស់ជាតិយើង ។

ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប សម្ដេចក្រឡាហោម សូមឲ្យស្មារតីដ៏ឧត្តុងឧត្តមនេះ បន្តស្ថិតក្នុងដួងចិត្តជនរួមជាតិខ្មែរ ជានិច្ចនិរន្តរ៍ ដើម្បីឲ្យប្រទេសជាតិ យើងបន្តរក្សា បាននូវសេចក្ដីសុខ សន្តិភាព និងការអភិវឌ្ឍ ដែលជាកត្តាចំបាច់បំផុត សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពសុខក្សេមក្សាន្ត និងធ្វើឲ្យជីវភាព បងប្អូនប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរ និងបញ្ជាក់ច្បាស់ថា ប្រទេសកម្ពុជា ដែលបានឆ្លងកាត់ការ បែកបាក់ជាតិ ការព្រាត់ប្រាស់ សង្គ្រាមកាប់សម្លាប់ នឹងមិនវិលត្រឡប់ជាន់ដាន ប្រវត្តិសាស្ត្រ ដ៏ខ្មៅងងឹតនោះវិញឡើយ ។

បន្ថែមលើនេះសម្ដេច ស ខេង ពិតជាមានសេចក្ដីរំភើបរីករាយឥតឧបមាចំពោះការប្រព្រឹត្តទៅនៃពិធីបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុក នាឆ្នាំ២០១៩ នេះ ដែលប្រជាពលរដ្ឋទូទាំងប្រទេស បានអញ្ជើញចូលរួមពិធីទទួលទានអំបុកថែរក្សា ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់ទីកន្លែង ដោយភាគច្រើនបានមកកំសាន្ត នៅរាជធានីភ្នំពេញ អ្នកខ្លះបានធ្វើដំណើរ ទៅជួបជុំគ្រួសារ នៅស្រុកភូមិកំណើតនិងខ្លះទៀត បានអញ្ជើញកំសាន្តសប្បាយ នៅតំបន់រមណីយដ្ឋាន ទេសចរណ៍នានា ។ភាពសុខសាន្តដ៏ល្អប្រសើនេះ គឺដោយសារតែមានការចូលរួម ពីបងប្អូនជនរួមជាតិ និង ការបំពេញភារកិច្ចបានយ៉ាងល្អខ្ជាប់ខ្ជួន របស់អាជ្ញាធរ និង កងកម្លាំងមាន សមត្ថកិច្ចគ្រប់ប្រភេទ ។

ក្នុងឋានៈជាសមាជិករាជរដ្ឋាភិបាល និង ក្នុងនាមជាអ្នកទទួលខុសត្រូវ លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមសម្ដេចសូមសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ទូទាំង ប្រទេស ដែលបានខិតខំប្រឹងប្រែង អនុវត្តវិធានការណែនាំ ទាំង៨ចំណុច ដែលខ្ញុំព្រះករុណាខ្ញុំ បាន ដាក់ចេញ ដើម្បីបង្កើនការថែរក្សាសុខសន្តិភាព សភាពការណ៍ផ្ទៃ ក្នុងប្រទេស ពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋបានចូលរួមប្រារព្ធពិធីបុណ្យជាតិ ប្រកបដោយសុខសុវត្ថិភាព និង ភាពសប្បាយរីករាយ ។

សូមរំលឹកថាក្នុង ឱកាសព្រះរាជពិធី បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា មានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជាង ៥.៨លាននាក់ បានចេញដើរទស្សនា កម្សាន្តនៅទូទាំងប្រទេសក្រោមបរិយាកាស ដ៏រីករាយក្រៃលែង ៕

To Top