ព័ត៌មានជាតិ

រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ កម្ពុជា-អាមេរិក អាចមានយន្តការ ពិភាក្សាប្រចាំឆ្នាំ រវាងសមាគមធុរកិច្ច នៃប្រទេសទាំងពីរ

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចន ហ្គយ័រ (John Goyer) នាយកប្រតិបត្តិ នៃសភាពាណិជ្ជកម្ម អាមេរិក (US Chamber of Commerce) នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានលើកឡើងថាកម្ពុជា-អាមេរិក អាចមានយន្តការ ពិភាក្សាប្រចាំឆ្នាំ ក្នុងការពង្រឹងការទំនាក់ទំនង និងកិច្ចពិភាក្សារវាង សមាគមធុរកិច្ច អាមេរិកនិងរាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាម បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។

ជាកិច្ចចាប់ផ្ដើម លោក ប៉ាន សូរស័ក្ដិ បានសម្តែងនូវភាព សប្បាយរីករាយ ដោយបានជួបពិភាក្សា ការងារជាមួយ សមាជិកជាន់ខ្ពស់ នៃសមាគមធុរកិច្ច និងវិស័យឯកជនអាមេរិក។

លោករដ្ឋមន្រ្តីបានពន្យល់ថា នៅក្នុងឱកាសនៃកិច្ចប្រជុំ កំពូលអាស៊ាន នៅទីក្រុងបាងកកថ្មីៗនេះ លោកក៏បានឆ្លៀត ជួបពិភាក្សាជាមួយលោក ប៉ាទ្រីក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ហើយនៅក្នុងជំនួបនោះដែរ លោករដ្ឋមន្ត្រីបានលើកសំណើ ឱ្យសហរដ្ឋអាមេរិក ពង្រីកការវិនិយោគ របស់ខ្លួន មកប្រទេសកម្ពុជា ឱ្យបានរឹតតែច្រើន បន្ថែមទៀត ជាពិសេសក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន ផ្លូវហាយវ៉េ ក៏ដូចជាក្នុង វិស័យថាមពលផងដែរ។

ជាមួយគ្នានោះដែរ លោក ចន ហ្គយ័រ បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី ដែលបានទទួលជួប ព្រមទាំងទទួលយកសំណើ ដែលបានលើកឡើង។ លោក ហ្គយ័រ ក៏បានរាយការណ៍ ជូនផងដែរ អំពីលទ្ធផលនៃកិច្ចប្រជុំ រវាងសភាពាណិជ្ជកម្ម អាមេរិក នៅកម្ពុជា (AMCHAM) និងសភាពាណិជ្ជកម្ម សហរដ្ឋអាមេរិក (US Chamber of Commerce) ដោយភាគីទាំងពីរ ក៏យល់ដូចគ្នាដែរថា ពេលនេះជាពេលល្អ ដើម្បីរឹតបន្តឹងចំណងធុរកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

លោក ហ្គយ័រ ក៏បានលើកឡើងដែរថា កិច្ចការបន្ទាប់ ដែលសភាពាណិជ្ជកម្ម អាមេរិក ត្រូវធ្វើបន្ទាប់ គឺលើកទឹកចិត្តឱ្យធុរកិច្ចអាមេរិក យល់ច្បាស់បន្ថែមពី បរិយាកាសធុរកិច្ច នៅកម្ពុជា។

ទាក់ទងនឹងការងារនេះ លោករដ្ឋមន្ត្រី បានជូនជាយោបល់ថា ធុរជនអាមេរិកគួរតែចុះ មកពិនិត្យបរិយាកាសធុរកិច្ច កម្ពុជា ដោយផ្ទាល់ទើបអាចយល់ កាន់តែច្បាស់។ ម្យ៉ាងទៀត ធុរជន និងវិនិយោគិន អាមេរិក គួរតែយល់ថា ការវិនិយោគនៅកម្ពុជា គឺមិនមែនសម្រាប់តែ ធ្វើធុរកិច្ចនៅកម្ពុជាប៉ុណ្ណោះទេ គឺដើម្បីធ្វើធុរកិច្ច នៅក្នុងអាស៊ានទាំងមូល ហើយជាមួយនឹង កិច្ចព្រមព្រៀង ភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលនឹងឈានមកដល់ ដំណាក់កាល បញ្ចប់ខាងមុខនេះ ទោះបីជាមិនមាន ប្រទេសឥណ្ឌា ចូលរួមក៏ដោយ ក៏នៅតែជាទីផ្សារមួយ ដ៏ធំទូលំទូលាយដែរ ហើយដោយកម្ពុជា ស្ថិតនៅចំកណ្ដាលអាស៊ាន ទីតាំងកម្ពុជានឹងផ្ដល់ អត្ថប្រយោជន៍ ក្នុងការក្លាយជាទីតាំងផលិត ដើម្បីផ្គត់ផ្គង់ទៅក្នុងខ្សែចង្វាក់ ផ្គត់ផ្គង់តំបន់។

អនុសាសន៍មួយទៀត ដែលលោករដ្ឋមន្ត្រី បានជូនក្នុងពេលនោះ គឺការពង្រឹងការទំនាក់ទំនង និងកិច្ចពិភាក្សារវាង សមាគមធុរកិច្ច អាមេរិកនិងរាជរដ្ឋាភិបាល ដោយលោករដ្ឋមន្ត្រី យល់ថាភាគីទាំងពីរ អាចមានយន្តការ ពិភាក្សាប្រចាំឆ្នាំ ដោយភាគីអាមេរិក ដឹកនាំ ដោយឯកអគ្គរដ្ឋទូតអាមេរិក ដើម្បីដោះស្រាយបញ្ហាបច្ចេកទេស។ ក្នុងករណីចាំបាច់ក្រុមហ៊ុន ឬសភាពាណិជ្ជកម្មអាមេរិក ក៏អាចចូលរួមក្នុងវេទិកា រាជរដ្ឋាភិបាល និងវិស័យឯកជន ក្រោមការដឹកនាំដោយផ្ទាល់ របស់សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕ដោយ បាន ធារ៉ូ

To Top