នយោបាយ

រាជរដ្ឋាភិបាល ត្រៀមកញ្ចប់ថវិកា ជាង១៧០លានដុល្លារ ពង្រីករោងចក្រ ចម្រោះទឹកស្អុយ នៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ថវិកា ជាង១៧០លានដុល្លាអាមេរិក ដើម្បីអនុវត្ត គម្រោងពង្រីក រោងចក្រ ចម្រោះទឹកស្អុយ ឲ្យបានស្អាតមុន នឹងបង្ហូរចូលទៅក្នុងសមុទ្រ ដើម្បីធានានិរន្តភាព ទឹកសមុទ្រឲ្យកាន់តែស្អាត គ្មានជាតិពុល ដែលបំរើដល់វិស័យ ទេសចរណ៍និង ធនធានជីវៈចម្រុះក្នុងទឹកសមុទ្រ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់សំណើទៅកាន់រដ្ឋាភិបាលចិន ដើម្បីអនុម័តកញ្ចប់ថវិកា ចំនួន១៧០លានដុល្លាអាមេរិក ក្នុងជំនួយឥតសំណង ជាង៦០០លានដុល្លាអាមេរិក ដែលរដ្ឋាភិបាលចិន បានផ្តល់មករាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅ អនុវត្តគម្រោង ចម្រោះទឹកសម្អុយ នៅក្នុងខេត្ត ព្រះសីហនុ ដែលធានាឲ្យទឹកសមុទ្រកម្ពុជា គ្មានទឹកសម្អុយឬជាតិពុល ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាប្រមាណ ២លាន ៥សែនដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់ស្តារលូ ប្រឡាយនានា ដើម្បីរំដោះទឹកក្នុងក្រុងព្រះសីហនុ ។
បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋរួមគ្នាថែរក្សាអនាម័យ ហូបហើយកុំដាក់នៅមាត់លូ ឬបោះចោលពាសវាលពាសកាល ។

ថ្លែងក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ការធានាបានទឹកសមុទ្រ ស្អាតមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យទឹកសមុទ្រ នៅតែរក្សាបានភាពស្អាត ជាប់ជាប្រចាំ ដើម្បីឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរងូតលេងកម្សាន្ត ហើយសម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏នឹងងូតទឹក សមុទ្រនេះ លេងកម្សាន្តផងដែរ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកានេះ ។

សម្ដេចថ្លែងបញ្ជាក់ថា “ឥឡូវយើងបានពង្រីក សមត្ថភាពបន្ថែម ក៍ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ ត្រូវធ្វើយ៉ាងម៉េច មុនទឹកទាំងឡាយចូលទៅក្នុងសមុទ្រ ត្រូវមានអាងចំរុះទឹកសិន ។ ចំណុចនេះយើងបានលើកសំណើ សុំមិត្តចិន ឲ្យជួយជាកញ្ចប់តែម្តង ហើយមិត្តចិនបានយល់ស្រប ជាមួយនឹងការផ្តល់ហរិញ្ញប្បទាន ផ្តល់នៅជំនួយឥតសំណង សំរាប់ការអនុវត្តន៍គម្រោងនេះ” ។

សម្តេចតេជោ ក៏បានថ្លែងឲ្យដឹងថា អ្នកទេសចរមកខេត្តព្រះសីហនុ ក្នុងឆ្នាំឆ្នាំ២០១៩នេះ មានចំនួន ១លាន ៩សែន ៤ម៉ឺននាក់ កើនឡើង ប្រមាណ ១០.៦៧ភាគរយ ។ ក្នុងនោះភ្ញៀវជាតិ មានចំនួន ១លាន ២សែននាក់ អន្តរជាតិ ៧៣ម៉ឺននាក់ កើនដល់ ៥៨.៦ភាគរយ ខណៈភ្ញៀវជាតិថយចុះជាង ៦ភាគរយ ។ ដោយឡែកក្នុងមួយថ្ងៃការហោះហើរ ប្រមាណ៣៦ជើង ចុះនៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ។

ទាក់ទិននឹងបញ្ហាផ្លូវវិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយសាងសង់រួចរាល់ផ្លូវ ទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុ នឹងទាក់ទាញប្រជាពលរដ្ឋនៅខេត្តផ្សេងៗ មកលេងក្រុងព្រះសីហនុដែរ ខណៈផ្លូវទាំង៣៤ខ្សែ ដ៏ប្រណិតនេះប្រើរយៈសាង សង់តែ៨ខែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២០ ក្រុងព្រះសីហនុ នឹងប្រែប្រួលមុខមាត់យ៉ាងខ្លាំង ទាំងផ្លូវ និងអគារ ។ ក្នុងនោះអគារ ដែលមានកម្ពស់ចាប់៥ជាន់ឡើង លើសាងសង់រួចរាល់មានចំនួន ២២៩អគារ ហើយកំពុងសាងសង់ប្រមាណ ៨០០អគារ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១៨ ទុនវិនិយោគលើវិស័យសំណង់ នៅខេត្តព្រះសីហនុមានជាង ១ពាន់លានដុល្លារ ហើយនៅឆ្នាំ២០១៩ ក៏មានជាង ១ពាន់លានដុល្លារផងដែរ ៕

To Top