ព័ត៌មានជាតិ

យ៉ង់ សាំងកុមារ ៖ គ្មានសម្ពាធអន្តរជាតិណា ធំជាងសម្ពាធកសិករ អំពីស្រូវចុះថោក ពេលEUយកពន្ធអង្ករ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក យ៉ង់ សាំងកុមារ បានលើកឡើងថា គ្មានសម្ពាធអន្តរជាតិណា ធំជាងសម្ពាធពីកសិករនិងកម្មករ ដែលជាកូនចៅកសិករទេ ក្នុងពេលដែលស្រូវចុះថោក ហើយស្របពេល សហភាពអឺរ៉ុបយកពន្ធអង្ករ។

លោក យ៉ង់ សាំងកុមារ តាមរយៈហ្វេសប៊ុក នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩បង្ហាញថា “គ្មានសម្ពាធអន្តរជាតិណា ធំជាងសម្ពាធពីកសិករ និងកម្មករ ដែលជាកូនចៅកសិករទេ។ តម្លៃស្រូវក្រអូប ចុះថោកជាង២០ភាគរយ នៅពេលសហភាពអឺរ៉ុប យកពន្ធលើអង្ករ។ ស្រូវចុះថោក ចំណូលទាប ទំនិញឡើងថ្លៃ ចំណាយលើការធ្វើស្រែកើន ដោយងាកជួល ងាកទិញ ងាកខ្ចី បំណុលកើន” ។

លោកថា កសិករភាគច្រើន ពឹងលើចំណូលក្រៅកសិកម្ម ជាពិសេសការងារកូនតាមរោងចក្រ តែបើលែងមានការអនុគ្រោះពន្ធ EBA កូនចៅកសិករ អាចមានការបាត់បង់ការងារ និងប្រាក់ចំណូល។

ជាមួយគ្នានេះ លោកអះអាងថា កម្ពុជាត្រូវការគោលនយោបាយ ដែលមានប្រសិទ្ធិភាព ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច និងការងារតាមមូលដ្ឋាន ជាពិសេសគាំទ្រដល់កសិករ សិប្បករនិងសហគ្រិនគ្រប់វិស័យ។

លោក យ៉ង់ សាំងកុមារ ក៏បានថ្លែងទៀតថា ប្រមុខរាជរដ្ឋាភិបាលធ្លាប់អះអាងថា រដ្ឋសល់លុយមួយខែ ពី១០០ទៅ២០០ លានដុល្លារ។ តាមពិតបើរាជរដ្ឋាភិបាល វិនិយោគលើសេដ្ឋកិច្ចមូលដ្ឋានតែ ១០០ ទៅ ២០០ លានមួយឆ្នាំក្នុងរយៈពេល៥ ឆ្នាំក្រោយមក ជនបទកម្ពុជាមានភាពសម្បូរសប្បាយ ហើយកម្ពុជាក៏លែងត្រូវការ EBA ដែរ។ តែបើអ្នកដឹកប្រទេស នៅតែបន្តនយោបាយឈ្នះចាញ់ខ្មែរគ្នាឯង តាមគោលការណ៍មានមួយ អត់មួយ ៥ឆ្នាំក្រោយ អ្នកពេញកម្លាំងរត់ចោលភូមិ បន្សល់ទុកតែយាយតាចាំផ្ទះ ហើយកូនចៅតូចតាច ក៏ប្រឈមនឹងបញ្ហាខ្វះការអប់រំល្អ ពីឪពុកម្តាយដែរ ។

លោកបន្តទៀតថា ដូច្នេះទុក្ខវេទនារបស់កសិករនិងកម្មករ ជាការឈឺចាប់របស់អ្នកដឹកនាំនយោបាយ ហើយក៏ជាទុក្ខវេទនា របស់ជាតិទាំងមូលដែរ ៕

To Top