ព័ត៌មានជាតិ

ទូតជប៉ុន៖ ខ្ញុំមានទុក្ខជាទម្ងន់ ក្រោយទទួលដំណឹងថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុបា្ជទេវី បានយាងសោយ ព្រះពិរាល័យ

ភ្នំពេញ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជានៅល្ងាច ថ្ងៃទី១៨ ខែ វិច្ឆិកា នេះបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជវង្សានុវង្ស និងប្រជាជនកម្ពុជាទាំងអស់ចំពោះការយាងសោយទិវង្គត របស់សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាបានលើកឡើងថា “ខ្ញុំមានទុក្ខជាទម្ងន់ក្រោយ ពីបានទទួលដំណឹងថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុបា្ជទេវី បានយាងសោយព្រះពិរាល័យ ដោយព្រះរោគាពាធ។ ព្រះអង្គបានលះបង់ពេញមួយជីវិត របស់ទ្រង់ ថែរក្សាប្រពៃណីវប្បធម៌កម្ពុជា ជាពិសេសគឺរបាំព្រះរាជទ្រព្យ។ ព្រះអង្គបានដឹកនាំ «Secred Dancers of Angkor» យាងទៅកាន់ប្រទេសជប៉ុន ដើម្បីបង្ហាញពីរបាំប្រពៃណីដ៏ល្អឥតខ្ចោះរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់អ្នកចូលរួមទស្សនាទាំងអស់កាលពីឆ្នាំ២០១៦។ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ទ្រង់ក្នុងកម្មវិធីវប្បធម៌ផ្សេងៗរបស់ស្ថានទូតជប៉ុនរៀបចំ ពិតជាផ្តល់នូវកម្លាំងចិត្តយ៉ាងមោះមុត សម្រាប់ក្រុមការងារយើងខ្ញុំ”។

ទូតជប៉ុនបានសរសេរបន្ថែមថា “ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជវង្សានុវង្ស និងប្រជាជនកម្ពុជា ទាំងអស់។សូមថ្វាយមហា ព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សេ្តចយាង ទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ”។

សូមរំលឹកថាសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយទិវង្គតក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២៖៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

សូមរំលឹកថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះប្រសូត្រ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ៕

To Top