ព័ត៌មានជាតិ

គ ប ម លើកពីវីរភាព របស់សម្តេចតេជោ ដឹកនាំបញ្ចប់សង្រ្គាមស៊ីវិល នៅកម្ពុជា

ភ្នំពេញ ៖ លោក សាម អ៊ីន អ្នកនាំពាក្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានលើកឡើងពីវីរភាព របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាថា បានដឹកនាំបញ្ចប់សង្រ្គាមស៊ីវិល និងកសាងសន្តិភាព ចេញពីស្ថានការណ៍ដ៏សែនលំបាក។ នេះបើតាមហ្វេសប៊ុករបស់លោក នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

តែយ៉ាងណាលោកថា “សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលសម្តេច បានកសាងមកដោយលំបាកនេះ នឹងមិនស្ថិតស្ថេរយូរអង្វែងទេ បើសម្តេចមិនព្រម យកចិត្តទុកដាក់រៀបចំ ប្រព័ន្ធអភិបាលកិច្ចល្អ ជាពិសេសការងារ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលរីករាលដាលយ៉ាងខ្លាំង និងរៀបចំតុលាការមួយ ដែលមានវិជ្ជាជីវៈខ្ពស់ ដើម្បីធានាយុត្តិធម៌ក្នុងសង្គម ដែលពលរដ្ឋអាចជឿជាក់បាន” ។

លោកថា ពិតប្រាកដហើយ ការសម្រេចចិត្តកម្ចាត់សត្រូវ សម័យសង្រ្គាមស៊ីវិល និងវាយផ្តួលគូប្រជែងនយោបាយ ងាយស្រួលជាងការសម្រេចចិត្ត បង្រ្កាបនិងដាក់ទោសមន្រ្តីពុករលួយ ដែលសម្តេចធ្លាប់ស្គាល់ និងមានអារម្មណ៍អាណិតស្រឡាញ់ ។

អ្នកនាំពាក្យគណបក្សនេះ បន្តទៀតថា ក្នុងការសម្រេចចិត្ត ធ្វើកិច្ចការកែទម្រង់ ដើម្បីជាតិដ៏ធំធេងនេះ តម្រូវការឲ្យសម្តេច មានសេចក្តីក្លាហាន និងទឹកចិត្តដាច់ណាច់ មួយកម្រិតខ្ពស់ថែមទៀត ដើម្បីយកឈ្នះទឹកចិត្តអាណិតអាសូរ ក្នុងការដាក់ទោសមនុស្ស ដែលធ្លាប់ស្គាល់ជិតស្និទ្ធ ហើយប្រព្រឹត្តខុស ។ បើសម្តេចចិត្តមិនដាច់ ស្រមោលនៃភាពចលាចលសង្គម នឹងនៅបន្តតាមលងចិត្តសម្តេចជានិច្ច ៕

To Top