ព័ត៌មានជាតិ

នាវាទេសចរណ៍ ផ្ទុកអ្នកដំណើរចំនួន ៧៨៩នាក់ និងនាវិក៤៥៨នាក់ ចូលចតកំពង់ផែខេត្តព្រះសីហនុ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាវាទេសចរណ៍ VIKING ORION ដែលមានប្រវែង ២២៨ ម៉ែត្រ ផ្ទុកអ្នកដំណើរ ចំនួន ៧៨៩ នាក់ និង នាវិក ៤៥៨ នាក់ បានចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ។នេះបើយោងហ្វេសប៊ុកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ក្នុងឱកាសនោះលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានណែនាំឱ្យមន្ត្រីកំពង់ផែ ក៏ដូចជាមន្ទីរទេសចរណ៍រៀបចំ កែលម្អសោភ័ណភាព បរិស្ថាន ត្រូវដាក់ខ្សែសុវត្ថិភាព និងរៀបចំបង្គន់អនាម័យ តាមស្តង់ដារ ព្រោះភ្ញៀវទេសចរបរទេស ត្រូវការបង្គន់អនាម័យ​ នៅពេលរង់ចាំនៅ ទីលានកំពង់ផែ ។

សូមបញ្ជាក់ថា នាវាទេសចរណ៍ VIKING ORION មានសញ្ជាតិ NORWAY មានបណ្តោយ ២២៨.៨០ម៉ែត្រ ទទឹង ២៨.៨០ម៉ែត្រ ជម្រៅទឹក ៦.៥០ម៉ែត្រ។ ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៧៨៩នាក់, ស្រី ៤១៩នាក់, មាន ១២សញ្ជាតិ និងមាននាវិកសរុប ៤៥៨នាក់, ស្រី ៩៥នាក់ មាន ៤៨សញ្ជាតិ។

នាវា VIKING ORION ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវាមានគម្រោងចាកចេញពីដែនសមុទ្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ៕

To Top