ព័ត៌មានជាតិ

មហោស្រពភាពយន្ត មិនគ្រាន់តែជាវេទិកាប្រកួតប្រជែង យកពានរង្វាន់ តែជាកន្លែងជួបជុំយល់វាស់ស្ទង់ សមត្ថភាព

ភ្នំពេញ ៖ លោក ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធាន គណៈកម្មការរៀបចំ មហោស្រពភាពយន្តជាតិ លើកទី៦ ឆ្នាំ២០១៩ បានថ្លែងថា មហោស្រពភាពយន្ត លើកនេះ មិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពានរង្វាន់ នោះទេ ប៉ុន្តែជាទីកន្លែងជួបជុំសិក្សា ស្វែងយល់ វាស់ស្ទង់សមត្ថភាព និងការចែករំលែក បទពិសោធន៍គ្នាទៅវិញទៅមក។

ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ មហោស្រពភាពយន្តជាតិ លើកទី៦ ក្រោមពាក្យស្លោក “រួមគ្នាដើម្បីលើកស្ទួយភាព យន្តខ្មែរ” កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហាប់ ទូច បានឲ្យដឹងថា ការកើនឡើងចំនួនរោងភាពយន្តនៅតាមរាជធានី-ខេត្ត បញ្ជាក់ឲ្យឃើញពីកំណើនទីផ្សារ ដ៏សំខាន់សម្រាប់ដោះដូរ ផលិតផលភាពយន្ត និងជាគ្រឹះដ៏រឹងមាំ សម្រាប់ទ្រទ្រង់ឧស្សាហកម្មភាពយន្តជាតិ។

លោកបន្ដថា ទន្ទឹមនឹងវឌ្ឍនភាពនេះ ក្នុងបរិបទនៃសម័យឧស្សាហកម្មជំនាន់ទី៤ វិស័យភាពយន្ត ក៏មានប្រឈមនឹងបញ្ហាធំៗមួយចំនួនដែលទាមទារឲ្យមានការយកចិត្តទុកដាក់ ដោះស្រាយរួមគ្នា ពិសេសក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹង និងលើកកម្ពស់គុណភាព ភាពយន្តជាតិឲ្យមានការវិវត្តឈានឡើងប្រកបដោយនិរន្តរភាព សំដៅរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ជាតិ ក្នុងបរិយាកាស នៃសង្គម សុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ។

លោកមានប្រសាសន៍ថា “ដូចដែលយើងទាំងអស់គ្នា បានដឹងហើយថា មហោស្រពភាពយន្ត ដែល រៀបចំធ្វើឡើងនាពេលនេះ មិនគ្រាន់តែជាវេទិកាប្រកួតប្រជែង យកពានរង្វាន់នោះទេ ប៉ុន្តែគឺជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព និងការចែករំលែក បទ ពិសោធ ចំណេះដឹងនិងគំនិតច្នៃប្រឌិតផងដែរ”។

លោកបន្ថែមថា មហោស្រពភាពយន្ដ លើកទី៦ ក៏ជាវេទិការរឹតចំណងសាមគ្គីភាពសមត្ថភាពរវាងផលិតករ និងអ្នកបច្ចេកទេសទាំងវិស័យភាពយន្តសម្រាប់កិច្ចសហប្រតិបត្តិការ នៃការផលិតភាពយន្តរួមគ្នា ទៅថ្ងៃ អនាគតកាន់តែប្រសើរឡើង។ លើសពីនេះ មហោស្រពភាពយន្តជាតិ នឹងផ្តល់សារៈប្រយោជន៍កាន់តែច្រើនឡើង ថែមទៀតសម្រាប់ជា បទពិសោធន៍សម្រាប់ផលិតករភាពយន្តពិសេស បានរួមចំណែក ថែរក្សាការពារវប្បធម៌ប្រពៃណីទំនៀមទំលាប់។

សូមរំលឹកថា ព្រឹត្តិការណ៍មហោស្រពភាពយន្ត ជាតិត្រូវបានប្រារព្វធ្វើឡើងរយៈពេលពីរឆ្នាំម្តង ក្រោមការរៀបចំរបស់ នាយកដ្ឋានសិល្បៈ ភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ សហការជាមួយក្រុមហ៊ុន យូនីខនអ៊ិនធើណេសិនណល ក្រោមពាក្យស្លោក «រួមគ្នាដើម្បី លើកស្ទួយភាពយន្តខ្មែរ»។ សម្រាប់ឆ្នាំលើកទី៦នេះ ភាពយន្តបានចូលរួមប្រកួតមានចំនួន ៩ ផលិតកម្ម និងស្នាដៃភាពយន្តចំនួន១៨ស្នាដៃ ៕ ដោយ ៖ អេង ប៊ូឆេង

To Top