ភ្នំពេញ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩ មានកុមារកម្ពុជាប្រមាណជា១លាននាក់បានមកទទួលការពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា ។
យោងតាមប្រភពព័ត៌មាន ពីមន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ហាញថា ក្នុងចំណោម១លាននាក់មានកុមារចំនួន១៩១ ២៤៩ នាក់ ត្រូវបានដាក់ឲ្យសម្រាកនៅក្នុងមន្ទីរពេទ្យ ។ ក្នុងនោះ មានកុមារ ៣៣ ៩៤៤ នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ។ កុមារ២៤ ៦១៧នាក់ ត្រូវបានវះកាត់ទូទៅ និងកុមារចំនួន ៨៩១នាក់ ត្រូវបានវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូង តាមសរសៃឈាម ទាំងនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងភ្នំពេញ ។
លើសពីនេះទៅទៀត ស្ត្រីមានផ្ទៃពោះចំនួន ១៤៨ ២៤៨ ករណី បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ព្រមទាំងបានសម្រាលកូនបានចំនួន ២៣ ៣៥០ នាក់ ។ លទ្ធផលទាំងនេះ មួយផ្នែកកើតឡើងដោយសារការរួមចំណែក ប្រកបដោយទឹកចិត្តសប្បុរស ក្នុងស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈមូលនិធិកន្ធបុប្ផាកម្ពុជា នាពេលកន្លងមក។
ជាក់ស្ដែងត្រឹមតែរយៈពេល ១១ខែ ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជាបានប្រគល់ថវិកាដែលបានមកពី ការបរិច្ចាគពីសប្បុរជនានាចំនួន ១០ ៨៩២ ៤០៤ ដុល្លារដើម្បីចូលរួមធានា ឲ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ក៏ដូចជា ការបន្តនាំមកនូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕
ដោយ ៖ អេង ប៊ូឆេង