ព័ត៌មានជាតិ

ឃាត់រថយន្តក្រុង រឹទ្ធ មុន្នី ឆែកឃើញគ្រឿងក្នុង ជ្រូកមានជាតិគីមី ១តោន

ខេត្តបន្ទាយមានជ័យ: កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានស្ទាក់បង្ក្រាប រថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន រិទ្ធិ មុនី បំពាក់ស្លាកលេខ បាត់ដំបង 3A-0244 នៅចំណុចចំណត រថយន្តក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាជ័យ ដកហូតបានគ្រឿងក្នុងជ្រូក ផ្ទុកសារធាតុគីមីជាង១តោន កាលពីថ្ងៃទី ៣០ វិច្ឆិកា ២០១៩ វេលាម៉ោង ១៣ និង ១៥នាទី មានប្រភពពីប្រទេសថៃ។

ប្រតិបត្តិការណ៍នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ ស្នងការរងប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ សម្របសម្រួលនិតិវិធីដោយ លោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញារ អមសាលាដំបូងខេត្ត។

អនុវត្តន៍តាមការចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ជាលទ្ធផលប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ច សាច់ជ្រូក-គ្រឿងក្នុងជ្រូកចម្រុះចំនួន ១៦កេស ស្មើនឹង ១០៩៤ គីឡូក្រាម ដែលច្បាប់ហាមឃាត់ និងការដឹកជញ្ជូនគ្មានលក្ខណៈ បច្ចេកទេសធ្វើឱ្យប្រែប្រួល គុណភាព ដែលអាចប៉ះពាល់ដល់សុខភាព អ្នកបរិភោគ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការង បានឲ្យដឹងថា គ្រឿងក្នុងជ្រូក មានផ្ទុកសារធាតុគីមីនេះ គឺមានប្រភពឈ្មួញនាំចូលពីថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត បង្កប់តាមរទេះដឹកទំនិញ តូចធំ និងរទេះដឹកបន្លែផ្លែឈើ ជួលកម្មករអូសពីផ្សាររោងគ្លឿ ចូលមកខ្មែរ ហើយយកមកដាក់រថយន្តតូចធំ និងមួយចំនួនដឹកតាមរថយន្តក្រុង ដើម្បីយកទៅលក់ចេញចាយតាមបណ្តាខេត្ត។ បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវបាន យកមកស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី និងធ្វើពិធីដុតកម្ទេចចោល នៅរសៀលថ្ងៃអាទិត្យនេះ៕

To Top